(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបង្ហោះសារក្រើនរំលឹក និងបំផុសស្មារតីជាតិនិយមយ៉ាងស៊ីជម្រៅមួយនៅលើបណ្តាញសង្គម ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «កម្ពុជាជាម្ចាស់វប្បធម៌ និងអរិយធម៌ខ្មែរ» ដែលនេះមិនត្រឹមតែជាការអះអាងពីកម្មសិទ្ធិលើមរតកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកអំពី «ភារកិច្ច និងការទទួលខុសត្រូវ» របស់កូនខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ និងបន្តវេនទៅកាន់ជំនាន់ក្រោយ។

តាមរយៈសារលិខិតបំផុសស្មារតីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវទស្សនទាន និងទឡ្ហីករណ៍ថា កម្ពុជាមិនមែនគ្រាន់តែជាដែនដីដែលមានប្រាសាទបុរាណ និងបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែជា «ទឹកដីកំណើត» នៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាង និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍។ ភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ និងទំនៀមទម្លាប់គួរត្រូវតែជាភស្តុតាងបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។

ឯកនេត្រ ភក្ត្រា បន្តថា អរិយធម៌ខ្មែរមិនត្រឹមតែស្ថិតនៅលើថ្មប្រាសាទ ដូចជា អង្គរវត្ត ព្រះវិហារ ឬសំបូរព្រៃគុកប៉ុណ្ណោះទេ ប៉ុន្តែជានិច្ចកាល វាជា «មរតករស់» ដែលបន្តដកដង្ហើមតាមរយៈភាសា អក្សរ របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ និងប្រពៃណីប្រចាំថ្ងៃរបស់ប្រជាជន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានចោទជាសំណួរពិចារណាទៅកាន់មហាជន និងយុវជនខ្មែរថា តើយើងបានធ្វើអ្វីខ្លះដើម្បីការពារវប្បធម៌ខ្លួន? តើយុវជនយល់ដឹងពីប្រវត្តិសាស្ត្រ និងសិល្បៈរបស់ខ្លួនកម្រិតណា? ហើយតើយើងបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្សព្វផ្សាយមរតកខ្លួន ឬទុកឱ្យគេនិយាយជំនួស?

ជាទីបញ្ចប់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា «វប្បធម៌ខ្មែរ ជាព្រលឹងរបស់ជាតិ ហើយអរិយធម៌ខ្មែរ ជាសក្ខីភាពនៃប្រវត្តិសាស្ត្រ»។ ការការពារ និងលើកតម្កើងមរតកនេះ គឺជាកាតព្វកិច្ចចំបងក្នុងការការពារអត្តសញ្ញាណ និងធានានូវអនាគតដ៏រឹងមាំរបស់ប្រទេសកម្ពុជា ដោយមិនត្រូវបណ្តោយឱ្យបាត់បង់តម្លៃដើមឡើយ៕

Share.