ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរលឿនជ្រុលទៅបុកពីក្រោយរថយន្តព្រុស រុញទៅបុកបង្គោលភ្លើងស្តុប ដាច់ធ្លាក់រប៉ាត់រប៉ាយ បន្តទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាតអស់ចំនួន៤កង់ រថយន្តរួញខ្ទេច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវឃាតិលេខ៤ ចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ ម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-5551 សណ្តោងរុឺម៉កកុងតឺន័រ ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0258 បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយ រថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-9283 កំពុងបើកពីជើងទៅត្បូងបត់ទៅកើត រុញទៅបុកបង្គោលភ្លើងស្តុប បណ្តាលឱ្យដាច់ភ្លើងធ្លាក់រប៉ាត់រប៉ាយ បន្តទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាតអស់ចំនួន៤កង់ ខ្ទាតទៅកណ្តាលផ្លូវ ធ្វើឱ្យចរាចរណ៍ផ្លូវម្ខាងកកស្ទះ រថយន្តព្រុសរងខូចខាតរួញខ្ទេច រថយន្តកុងតឺន័រ ខ្ទេចមុខមួយចំហៀងខាងឆ្វេង តែសំណាងល្អមិនបង្កឱ្យរបួសដល់មនុស្ស ។

ក្រោយកើតហេតុ ខណៈដែលទ្រូងផ្លូវមួយកង់ខ្ទាតទៅកណ្តាលផ្លូវ ធ្វើឱ្យកកស្ទះចរាចរណ៍ លើគន្លងផ្លូវពីស្ពានអាកាសចោមចៅ ដល់ចំណុចភ្លើងស្តុបជម្ពូវ័ន (កន្លែងកើតហេតុ) ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបាននគរបាលប៉ុស្តិ៍ម្នាក់ចុះទៅសម្រួលចរាចរណ៍ និងរាយការណ៍ ដើម្បីប្រគល់រថយន្តទាំង២គ្រឿង ទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចអូសយកទៅរក្សាទុក រងចាំដោះស្រាយផលប៉ះពាល់ពេលក្រោយ ៕
អត្ថបទ៖តាតុងសែនជ័យ

