ភ្នំពេញ៖ សំណង់តូបលក់ដូរដែលសាងសង់លើចំណីផ្លូវសាធារណៈ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដាក់គ្រឿងចក្រចុះរុះរើ និងឈូសឆាយចេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

តាមរដ្ឋបាលខណ្ឌឫស្សីកែវ អាជ្ញាធរខណ្ឌ និងសង្កាត់កន្លងមកបានផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋ និងអ្នកលក់ដូរ ដែលសាងសង់សំណង់នៅលើចំណីផ្លូវសាធារណៈ ឱ្យរុះរើចេញដោយខ្លួនឯង ដោយសារសំណង់ទាំងនេះអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការប្រើប្រាស់ផ្លូវសាធារណៈ។

ក្រោយការជូនដំណឹង មានប្រជាពលរដ្ឋមួយចំនួនបានរុះរើសំណង់របស់ខ្លួនរួចរាល់ ខណៈសំណង់មួយចំនួនតូចដែលនៅសេសសល់ ត្រូវបានកម្លាំងអាជ្ញាធរ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ ចុះរុះរើ កាយ និងឈូសឆាយចេញពីចំណីផ្លូវ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបានជូនដំណឹងជាថ្មីដល់ប្រជាពលរដ្ឋដែលនៅបន្តយកដីចំណីផ្លូវសាធារណៈទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ឱ្យបញ្ឈប់ និងរុះរើសំណង់ចេញជាបន្ទាន់។ ក្នុងករណីនៅតែបន្ត អាជ្ញាធររដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ដោយមិនមានការលើកលែង៕

អត្ថបទ៖​ តាតុងសែនជ័យ

Share.