(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ» (International Conference on Combating Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តមសន្តិបណ្ឌិត ឆាយ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងប្រតិភូអន្តរជាតិជាច្រើនរូប។

នៅក្នុងពិធីបើកសន្និសីទអន្តរជាតិនេះ លោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានថ្លែងសុន្ទរកថាសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការដឹកនាំផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជួយជ្រោមជ្រែងឱ្យមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្ក្រាបបទល្មើសបច្ចេកវិទ្យា។

លោកស្រី Delphine Schantz បានគូសបញ្ជាក់នូវចំណុចគន្លឹះ និងទិន្នន័យសំខាន់ៗជុំវិញគ្រោះថ្នាក់នៃឧក្រិដ្ឋកម្មអនឡាញ រួមមាន៖

១.ទំហំនៃការខាតបង់សេដ្ឋកិច្ចដ៏សន្ធឹកសន្ធាប់

ផ្អែកតាមរបាយការណ៍វាយតម្លៃការគំរាមកំហែងឧក្រិដ្ឋកម្មរៀបចំចាត់តាំងឆ្លងដែនចុងក្រោយបង្អស់របស់ UNODC បានបង្ហាញថា ការខាតបង់ហិរញ្ញវត្ថុពីការឆបោកតាមអនឡាញនៅក្នុងតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងណូវែលសេឡង់ មានទំហំកើនឡើងរហូតដល់ ១១៤ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ហើយចំនួននេះកំពុងបន្តកើនឡើងយ៉ាងរហ័ស។

២.ការផ្លាស់ប្តូរទម្រង់នៃឧក្រិដ្ឋកម្ម

ក្រុមឧក្រិដ្ឋជនបានវិវត្តខ្លួនពីក្រុមក្មេងតូចៗក្នុងស្រុក ទៅជា «សេដ្ឋកិច្ចឧក្រិដ្ឋកម្មឆ្លងដែន» ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានរចនាសម្ព័ន្ធការងារដូចក្រុមហ៊ុនធំៗ (Corporate Franchising) រាប់ចាប់តាំងពីនាយកដ្ឋានលាងលុយ ការជួញដូរមនុស្ស និងការប្រមូលទិន្នន័យ។ បន្ថែមពីនេះ ការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ បានក្លាយជាឧបករណ៍ពន្លឿនការលាងលុយកាន់តែស្មុគស្មាញ។

៣.ការកោតសរសើរចំពោះវិធានការរបស់កម្ពុជា

តំណាង UNODC រូបនេះបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការក្តៅនាពេលថ្មីៗនេះរបស់អាជ្ញាធរកម្ពុជា ក្នុងការចុះបង្ក្រាប និងបិទទីតាំងឆបោកជាច្រើនកន្លែង ព្រមទាំងការបង្កើត «គណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ» ដែលជាសញ្ញាណដ៏វិជ្ជមាន និងបង្ហាញពីភាពចំហរក្នុងការសហការអន្តរជាតិ។

ជាមួយគ្នានេះ តំណាង UNODC ក៏បានស្នើឡើងនូវ ទិសដៅអាទិភាពចំនួន ៥ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព៖

១. បង្កើតការយល់ដឹងរួមគ្នាអំពីនិន្នាការនៃការប្រែប្រួលនៃបទល្មើសអនឡាញ។

២. ពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងសមត្ថភាពក្នុងការប្រមូល/វិភាគភស្តុតាងឌីជីថល ព្រមទាំងបង្ក្រាបលំហូរហិរញ្ញវត្ថុខុសច្បាប់។

៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងការចែករំលែកព័ត៌មាន (បង្កើត Anti-Scam Centres បន្ថែម)។

៤. បង្កើនកិច្ចសហការជិតស្និទ្ធជាមួយវិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងបណ្តាញសង្គម។

៥. សិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅអំពីរបៀបដែលក្រុមឧក្រិដ្ឋជនយកប្រាក់ចំណេញទៅវិនិយោគបន្ត ដើម្បីស្វែងរកវិធីទប់ស្កាត់ឱ្យចំគោលដៅ។

ជាទីបញ្ចប់ លោកស្រី Delphine Schantz បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់ UNODC ក្នុងការបន្តគាំទ្រកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យអស់ពីសហគមន៍នាពេលអនាគត៕

Share.