កំពង់ធំ៖ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចាត់ឱ្យលោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និងមេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានដឹកនាំកម្លាំងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតំបន់វាលក្រោម ក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ជាប់ព្រំប្រទល់ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២៦។

លោក យ៉េង យ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន និង មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន កម្លាំងជំនាញបានចុះប្រតិបត្តិការធ្វើឡើងនៅចំណុចបឹងអំពែ និងព្រែកដំរីឡូត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។


ជាលទ្ធផល ក្រុមការងារបានរុះរើ និងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់រួមមាន៖ របាំងស្បៃមុងប្រវែងសរុប ១.៨០០ម៉ែត្រ ឡុកចំនួន២៥គ្រឿង លូស្បៃមុងចំនួន២៥មាត់ និងបង្គោលចំនួន១.៩០០ដើម ក្នុងប្រតិបត្តិការនេះក្រុមការងារក៏បានចាក់លែងកូនត្រីចម្រុះទម្ងន់ប្រមាណ ៩០គីឡូក្រាម ទៅក្នុងបឹងធម្មជាតិវិញ ដើម្បីចូលរួមថែរក្សា និងអភិរក្សធនធានជលផល។

សូមបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការនេះ ក្រុមការងារបានប្រើប្រាស់កាណូតចំនួន២គ្រឿង និងប្រើប្រាស់កម្លាំងសរុបចំនួន ០៨នាក់។ ប្រតិបត្តិការនេះជាផ្នែកមួយនៃការចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល ដើម្បីការពារធនធានជលផល និងរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំសម្រាប់ថ្ងៃអនាគត។

អត្ថបទ៖កំពង់ធំ


Share.