ប៉ាតាយ៉ា៖ អាជ្ញាធរក្រុងប៉ាត់តាយ៉ាបានលើកទង់ក្រហមប្រកាសអាសន្ននៅថ្ងៃទី២៥ ខែកញ្ញានេះ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក និងខ្យល់បោកបក់ខ្លាំងពេញមួយយប់ បានបង្កជារលកសមុទ្រធំៗ បណ្តាលឱ្យទូក និងកាណូតទេសចរណ៍ចំនួន ៦គ្រឿងលិចលង់ក្នុងសមុទ្រ។

ស្ថានភាពអាកាសធាតុអាក្រក់នេះ បានកើតឡើងតាំងពីយប់ថ្ងៃទី២៤ ខែកញ្ញា រហូតដល់ព្រឹកព្រលឹមថ្ងៃនេះ ដោយមានភ្លៀងធ្លាក់ធ្ងន់ធ្ងរ ខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់បំផុត។ ហេតុការណ៍នេះ បានតម្រូវឱ្យអាជ្ញាធរបញ្ជាហាមឃាត់ជាបន្ទាន់ មិនឱ្យទូកទេសចរណ៍ធំៗ និងកាណូតបុកស្របតូចៗ ចាកចេញពីច្រកកំពង់ផែឡើយ រហូតទល់តែអាកាសធាតុមានភាពល្អប្រសើរឡើងវិញ។

កម្លាំងខ្យល់ និងរលកបោកបក់ខ្លាំងនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាត់តាយ៉ា បានបង្ខំឱ្យអាជីវករជួលកៅអីឆ្នេរជាច្រើនត្រូវផ្អាកការរកស៊ីជាបណ្តោះអាសន្ន ខណៈទូកទេសចរណ៍ជាច្រើនគ្រឿងបានសម្រុកចូលមកជ្រកកោននៅតាមបណ្តោយឆ្នេរ និងជុំវិញតំបន់ជ្រោយបាលីហៃ ដើម្បីគេចពីខ្យល់ព្យុះ។
តាមការត្រួតពិនិត្យបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា គ្រោះធម្មជាតិនេះបានពន្លិចទូកទេសចរណ៍ទំហំធំ ១គ្រឿង និងកាណូតល្បឿនលឿនចំនួន ៥គ្រឿង។ ក្រៅពីនេះ នៅមានទូកទេសចរណ៍ទំហំធំ ២គ្រឿងផ្សេងទៀត ដែលបម្រើសេវាកម្មឆត្រយោង (Parasailing) ត្រូវបានកម្លាំងខ្យល់ និងរលកបោកបក់ទាត់មកកៀបជាប់លើឆ្នេរខ្សាច់ផងដែរ។

ជុំវិញបញ្ហានេះ ការិយាល័យនាវាចរណ៍តំបន់ប៉ាត់តាយ៉ា បានចេញសេចក្តីជូនដំណឹងអាសន្ន ដោយព្រមានដល់ម្ចាស់អាជីវកម្មទូកទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានការព្យាករណ៍អាកាសធាតុឱ្យបានដិតដល់ និងត្រូវរក្សាទូកនៅជាប់ឆ្នេររហូតទល់តែរលកសមុទ្រស្ងប់ស្ងាត់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ និងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រមទាំងប្រតិបត្តិករទេសចរណ៍ផ្លូវទឹកទាំងស្រុង។
អាជ្ញាធរបានព្យាករណ៍ថា តំបន់ប៉ាត់តាយ៉ានឹងបន្តស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ពីបញ្ហាខ្យល់កន្ត្រាក់ និងរលកសមុទ្របោកបក់ខ្លាំងរយៈពេលពី ៣ ទៅ ៤ថ្ងៃខាងមុខទៀត៕

