ប្រទេសកម្ពុជាកំពុងជំរុញឱ្យមានហិរញ្ញប្បទានអាកាសធាតុដែលអាចទទួលបានដោយភាពងាយស្រួល អាចព្យាករណ៍បាន និងប្រកបដោយនិរន្តរភាព។ ហិរញ្ញប្បទានអាកាសធាតុនេះនឹងពង្រឹងការគាំទ្រលើការបន្ស៊ាំ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់អន្តរកាលប្រកបដោយយុត្តិធម៌ ដែលមិនទុកនរណាម្នាក់ចោល ខណៈដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចូលរួមសន្និសីទភាគីលើកទី៣១ (COP31) នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Antalya ប្រទេសតួកគី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

អាទិភាពទាំងនេះត្រូវបានលើកឡើងក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិមួយ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដោយមានកិច្ចសហការជាមួយអង្គការអុកស្វាម។ កិច្ចពិគ្រោះយោបល់នេះមានអ្នកចូលរួមប្រមាណ៨០នាក់ ពីស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ចម្រុះ យុវជន គ្រឹះស្ថានសិក្សា វិស័យឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍។

កិច្ចពិគ្រោះយោបល់នេះរៀបចំឡើងដើម្បីធានាថាកម្ពុជាចូលរួមក្នុងសន្និសីទភាគីលើកទី៣១ ដោយមានជំហររួមប្រកបដោយបរិយាបន្ន និងផ្អែកលើភស្តុតាង ដែលឆ្លុះបញ្ចាំងពីអាទិភាពអភិវឌ្ឍន៍ជាតិ និងស្ថានភាពជាក់ស្តែងរបស់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ។

ស្របពេលដែលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកំពុងកើនឡើងទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក អ្នកចូលរួមបានសង្កត់ធ្ងន់ថា កិច្ចចរចាអាកាសធាតុកម្រិតអន្តរជាតិត្រូវតែផ្តល់លទ្ធផលជាក់ស្តែង និងអាចអនុវត្តបាន ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ឱ្យអាចអនុវត្តសកម្មភាពអាកាសធាតុប្រកបដោយមហិច្ឆតា ស្របពេលជាមួយគ្នានេះក៏ត្រូវធានាការការពារជីវភាពរស់នៅ សន្តិសុខស្បៀង និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ កិច្ចពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ក្នុងការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត និងសារៈសំខាន់នៃការបន្តទទួលបានហិរញ្ញប្បទានអាកាសធាតុដែលមានលក្ខខណ្ឌអនុគ្រោះ និងការគាំទ្រផ្នែកបច្ចេកទេសក្នុងអំឡុងពេលអន្តរកាល។

កិច្ចពិគ្រោះយោបល់នេះមានពីរផ្នែក ពេលព្រឹកផ្តោតលើការពង្រឹងការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីស្ថាបត្យកម្មអាកាសធាតុអន្តរជាតិ និងរបៀបវារៈសំខាន់ៗរបស់សន្និសីទភាគីលើកទី៣១ ព្រមទាំងផ្តល់វេទិកាសម្រាប់អង្គការសង្គមស៊ីវិលក្នុងការរៀបចំអនុសាសន៍សម្រាប់អាទិភាពនៃសកម្មភាពអាកាសធាតុរបស់កម្ពុជា។ ពេលរសៀល មានការចូលរួមពីតំណាងពីក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ និងដៃគូសំខាន់ៗ ដើម្បីពិនិត្យធាតុចូលពីភាគីពាក់ព័ន្ធ និងស្វែងរកការឯកភាពលើជំហររបស់កម្ពុជាសម្រាប់សន្និសីទភាគីលើកទី៣១។

លោក សឿង សារឿន នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា «សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលដឹកនាំដោយអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន គឺជាវិធីសាស្រ្តសំខាន់មួយសម្រាប់ជួយដោះស្រាយ និងបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយនិរន្តរភាព។ ដូច្នេះ ហិរញ្ញប្បទាន និងធនធានផ្សេងៗគួរត្រូវបានផ្តល់ជូនដល់សហគមន៍មូលដ្ឋានដោយផ្ទាល់ ដោយគ្មានឧបសគ្គ ឬលក្ខខណ្ឌតម្រូវច្រើនហួសហេតុឡើយ»។ លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា សម្លេង និងក្តីកង្វល់របស់យើងនឹងត្រូវបានស្ដាបឮ និងយកទៅពិចារណាដោយមេដឹកនាំពិភពលោក ជាពិសេសបណ្ដាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណខ្ពស់»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តសកម្មភាពអាកាសធាតុប្រកបដោយមហិច្ឆតា ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% ត្រឹមឆ្នាំ២០៣៥ និងឈានទៅរកអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០។ ទោះជាយ៉ាងណា អាកាសធាតុសកលប្រកបដោយសមធម៌ មិនគួរទាមទារឱ្យប្រទេសងាយរងគ្រោះដូចជាកម្ពុជាបង្កើនមហិច្ឆតារបស់ខ្លួន ខណៈពេលដែលការគាំទ្រអនុគ្រោះត្រូវបានកាត់បន្ថយបន្ទាប់ពីការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត។ សន្និសីទភាគីលើកទី៣១ ត្រូវតែផ្តល់ហិរញ្ញប្បទានជាទម្រង់ជំនួយឥតសំណង ដែលអាចព្យាករណ៍បាន និងមិនបង្កើនបន្ទុកបំណុល ដើម្បីធានាថា ការចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត គឺជាចំណុចរីកចម្រើននៃការអភិវឌ្ឍប្រកបដោយចីរភាព មិនមែនជាកត្តាបង្កើនភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុនោះទេ»។

តំណាងសហគមន៍ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវភាពជនបទ និងប្រព័ន្ធស្បៀងអាហារ។ លោកស្រី យ៉ែម ចន្នី មកពីខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា «នៅតំបន់របស់ខ្ញុំ ប្រជាជនពឹងផ្អែកយ៉ាងខ្លាំងលើទឹកភ្លៀង ដំណាំ និងធនធានត្រីនៅក្នុងទន្លេ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុ និងអាកាសធាតុដែលមិនអាចព្យាករណ៍បាន កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ផលដំណាំ និងធ្វើឱ្យគ្រួសារ និងសហគមន៍ជាច្រើនប្រឈមនឹងបំណុលកាន់តែច្រើន។ សម្រាប់សហគមន៍ដែលរងគ្រោះ យើងត្រូវការការគាំទ្រកាន់តែច្រើន ដើម្បីពង្រឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្រិតមូលដ្ឋាន ការពារធនធានធម្មជាតិ និងធានាឱ្យមានហិរញ្ញប្បទានអាកាសធាតុអាចគាំទ្រដល់សហគមន៍ដែលកំពុងប្រឈមនឹងផលប៉ះពាល់ដោយផ្ទាល់នៃវិបត្តិអាកាសធាតុ។»។

អ្នកចូលរួមបានពិភាក្សាលើអាទិភាពជាច្រើនសម្រាប់របៀបវារៈអាកាសធាតុរបស់កម្ពុជា រួមមាន ហិរញ្ញប្បទានអាកាសធាតុ សម្រាប់ការបន្ស៊ាំ និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការខាតបង់ និងការខូចខាត (Loss and Damage) ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជាដំណាក់កាលទី៣ (NDC 3.0) អន្តរកាលថាមពលប្រកបដោយយុត្តិធម៌ ដំណោះស្រាយផ្អែកលើប្រព័ន្ធអេកូឡូស៊ី ទីផ្សារកាបូន កសិកម្ម និងប្រព័ន្ធស្បៀងដែលមានភាពធន់នឹងអាកាសធាតុ ការវិនិយោគបៃតង និងសកម្មភាពអាកាសធាតុដែលឆ្លើយតបនឹងសមភាពយេនឌ័រ។

កិច្ចពិគ្រោះយោបល់នេះបានសម្រេចលទ្ធផលសំខាន់ៗជាច្រើនរួមមាន ការពង្រឹងការឯកភាពរវាងភាគីពាក់ព័ន្ធលើអាទិភាពរបស់កម្ពុជាសម្រាប់សន្និសីទភាគីលើកទី៣១ ការចងក្រងនូវអនុសាសន៍ដើម្បីគាំទ្រជំហរចរចារបស់រាជរដ្ឋាភិបាល និងការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

អនុសាសន៍សំខាន់ៗដែលបានលេចចេញពីកិច្ចពិគ្រោះយោបល់ រួមមាន ការធានាបន្តនូវលទ្ធភាពទទួលបានហិរញ្ញប្បទានអាកាសធាតុសម្រាប់ប្រទេសដែលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចបំផុត ការបង្កើនហិរញ្ញប្បទានជំនួយឥតសំណងសម្រាប់ការបន្ស៊ាំរបស់ប្រទេសងាយរងគ្រោះ ការពង្រឹងលទ្ធភាពទទួលបានមូលនិធិសម្រាប់ការខាតបង់ និងការខូចខាតដោយផ្ទាល់ និងការធានាថាក្របខណ្ឌសកលស្តីពីការបន្ស៊ាំ ឆ្លុះបញ្ចាំងកាន់តែប្រសើរនូវការការពារប្រព័ន្ធអេកូឡូស៊ីទឹកសាបសំខាន់ៗ ដូចជា អាងទន្លេមេគង្គ និងអាងទន្លេសាប។

អ្នករៀបចំកិច្ចពិគ្រោះយោបល់បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាថា អាទិភាព និងទស្សនៈរបស់កម្ពុជាត្រូវបានយកទៅពិភាក្សាយ៉ាងមានប្រសិទ្ធភាពនៅក្នុងកិច្ចចរចាអាកាសធាតុអន្តរជាតិ ហើយការចូលរួមរបស់កម្ពុជានៅសន្និសីទភាគីលើកទី៣១ នឹងរួមចំណែកដល់អនាគតដែលមានភាពធន់ បរិយាបន្ន និងយុត្តិធម៌អាកាសធាតុកាន់តែប្រសើរសម្រាប់ប្រជាជនទាំងអស់៕

Share.