នៅក្នុងចេតនាបង្វែរដាន និងមានចេតនាលាបពណ៌កម្ពុជានៅលើទឹកដីសហរដ្ឋអាមេរិក ប្រមុខរដ្ឋាភិបាលថៃ លោក អនុទិន ឆានវីរៈកុល បានចេញមុខប្រកាសយ៉ាងក្រអើតក្រទម និងឥតអៀនខ្មាសនៅចំពោះមុខប្រជាជនថៃក្នុងទីក្រុងញូវយ៉កថា ប្រទេសថៃស្ថិតក្នុង «តំណែងជាអ្នកកំណត់លក្ខខណ្ឌ» សម្រាប់ការចរចាព្រំដែនជាមួយកម្ពុជានាពេលអនាគត។ ការថ្លែងឡើងទាំងបំពានការពិតនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពិធីជួបជុំមួយនៅវត្ត Buddhatavorn នាទីក្រុងញូវយ៉ក។

នៅក្នុងជំនួបនោះ លោក អនុទិន បានព្យាយាមបង្កើតរូបភាពសន្តិភាពក្លែងក្លាយ ដោយប្រាប់ទៅប្រជាជនថៃថាកុំឱ្យព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ព្រោះគ្មានការគំរាមកំហែងដោយអំពើហិង្សាជាថ្មីនោះទេ។ លើសពីនេះ ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានលើកឡើងទាំងទទឹងទិសថា ការវាយប្រហារនាពេលកន្លងមក គឺជា «ការឆ្លើយតបដើម្បីការពារអធិបតេយ្យភាព» ប្រឆាំងនឹងការវាយប្រហារមកលើពលរដ្ឋស៊ីវិលថៃទៅវិញ។ លោកថែមទាំងបានអះអាងថា ថៃកំពុងរង់ចាំរហូតដល់ «កម្ពុជាត្រៀមខ្លួនរួចរាល់» សម្រាប់ការចរចាបង្កើតកិច្ចព្រមព្រៀងថ្មី បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈនៃការយោគយល់គ្នានៃឆ្នាំ២០០១ ឬថៃហៅថា MOU 44 ដោយឯកតោភាគី។

ទោះជាយ៉ាងណា សារនយោបាយក្រឡិចក្រឡុច និងព្យាយាមដោះសារយកត្រូវតែម្នាក់ឯងរបស់នាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានលាតត្រដាងយ៉ាងច្បាស់តាមរយៈ «ហេតុផល និងការពិត» មួយចំនួនដែលមហាជនគ្រប់គ្នាអាចត្រិះរិះពិចារណាដូចខាងក្រោម៖

១. តើអ្នកនរណាជាអ្នកបើការឈ្លានពានមុន? ច្បាស់ណាស់ថៃជាអ្នកឈ្លានពាន និងប្រើប្រាស់អាវុធធុនធ្ងន់បាញ់ស្រោចមកលើទឹកដីកម្ពុជា បង្កឱ្យពលរដ្ឋស្លូតត្រង់រាប់ម៉ឺនរាប់សែននាក់រត់ភៀសសឹក។ ចំពោះការអះអាងថា «ការពារខ្លួន» របស់លោក អនុទិន គឺជាការភូតភរទាំងស្រុង ព្រោះជម្លោះអាវុធនាពេលកន្លងមក ថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 , T-50 ទម្លាក់គ្រាប់បែកស្រោចយ៉ាងសាហាវឃោរឃៅមកលើទឹកដីកម្ពុជា បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់។

២. កម្ពុជាជាភាគីប្រកាន់ជំហរចរចាសន្តិវិធីច្បាស់លាស់ និងមិនដែលគេចវេះពីការចរចានោះឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានផ្ញើ «កំណត់ទូត» ជាច្រើនលើកច្រើនសារ រំលឹក និងអំពាវនាវឱ្យភាគីថៃប្រញាប់ប្រញាល់បញ្ជូន «ក្រុមការងារវាស់វែងចម្រុះ (JSTs)» ចុះមកបោះបង្គោល និងខណ្ឌសីមាព្រំដែនឱ្យបានត្រឹមត្រូវ ប៉ុន្តែភាគីថៃតែងតែពន្យារពេល និងគេចវេះ។

៣. រហូតមកទល់ពេលនេះកម្ពុជាតវ៉ាផ្លូវការរហូតដល់ ៥៤ លើកមកហើយ ដើម្បីប្រឆាំងតបតទៅនឹងទង្វើបំពាន និងការរំលោភបំពានអធិបតេយ្យភាពឥតឈប់ឈរពីសំណាក់យោធាថៃ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញលិខិតតវ៉ាជាផ្លូវការជាបន្តបន្ទាប់បង្ហាញទៅកាន់សហគមន៍អន្តរជាតិអំពីអំពើឈ្លានពានរបស់ថៃ។

៤. បើថៃមិនបានឈ្លានពានកម្ពុជា ចុះអំពើឈ្លានពាន និងការបាញ់ប្រហារដោយអាវុធធុនធ្ងន់ពីភាគីថៃ ដែលបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់រាប់ម៉ឺននាក់ត្រូវបោះបង់ចោលផ្ទះសម្បែង និងភូមិករ រត់ភៀសសឹកមកកាន់តំបន់សុវត្ថិភាព ហើយរហូតមកដល់ពេលនេះនៅមានពលរដ្ឋជាង ២០.០០០ នាក់ទៀតនៅតែមិនទាន់អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅផ្ទះសម្បែងដើមវិញបាននៅឡើយទេ។

សូមជម្រាបថា ការដែលលោក អនុទិន នាយករដ្ឋមន្ត្រីថៃយកវេទិកាសាសនាបោកប្រាស់នៅលើទឹកដីអាម៉េរិក មកធ្វើជាឈ្នាន់នយោបាយ ដើម្បីបង្វែរការពិត និងប្រកាសខ្លួនជា «អ្នកកំណត់លក្ខខណ្ឌ» នោះ ត្រូវបានគេមើលឃើញថា គឺជាល្បិចកលការទូតភូតភរសុទ្ធសាធ ព្រមទាំងបានបង្ហាញពីភាពក្រអើតក្រទមដែលមិនអាចបិទបាំង «ទង្វើឈ្លានពាន» របស់ខ្លួននៅចំពោះមុខភ្នែកសហគមន៍អន្តរជាតិ និងប្រជាជាតិកម្ពុជាបានឡើយ៕

ប្រភព៖ Khoasod English

Share.