ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនជាមួយទូរសព្ទ iPhone មួយគ្រឿង បន្ទាប់ពីពួកគេចូលធ្វើសកម្មភាពលួចទូរសព្ទដៃចំនួន៤គ្រឿងពីក្នុងហាងសាឡនមួយកន្លែង នៅខណ្ឌដង្កោ រាជធានីភ្នំពេ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅហាងសាឡនយីហោ «១៩៨៨» ផ្ទះលេខ១២AE0E1 ផ្លូវលេខ២០២០ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច ជនរងគ្រោះជាជាងសាឡនចំនួន២នាក់ រួមមាន ឈ្មោះ សំអុល ស្រីផា ភេទស្រី អាយុ១៧ឆ្នាំ និងឈ្មោះ អ៉ីន សារឿន ភេទស្រី អាយុ៤៥ឆ្នាំ ដែលស្នាក់នៅទីតាំងកើតហេតុខាងលើ។ នៅពេលកើតហេតុ ជនរងគ្រោះទាំង២នាក់កំពុងកក់សក់ឱ្យភ្ញៀវ ស្រាប់តែមានជនសង្ស័យម្នាក់ចូលមកក្នុងហាង រួចធ្វើសកម្មភាពលួចទូរសព្ទដៃចំនួន៤គ្រឿង ដែលដាក់ទុកនៅលើសាឡុងទទួលភ្ញៀវ រួមមាន Samsung ពណ៌ប្រផេះ១គ្រឿង, Samsung ពណ៌ខ្មៅ១គ្រឿង, Vivo ពណ៌ខ្មៅ១គ្រឿង និង iPhone 11 ពណ៌ស្វាយ១គ្រឿង។
ពេលឃើញសកម្មភាពនេះ ជនរងគ្រោះបានស្រែកឆោឡោថា «ចោរៗ» ហើយនាំគ្នារត់ដេញតាមជនសង្ស័យចេញពីហាង។ បន្ទាប់មក ជនសង្ស័យបានឡើងជិះម៉ូតូដែលមានបក្ខពួកម្នាក់កំពុងរង់ចាំ ដើម្បីគេចខ្លួន។ ប៉ុន្តែពេលធ្វើដំណើរដល់តំបន់ផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ម៉ូតូបានជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌា បណ្តាលឱ្យដួល ហើយត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនបានម្នាក់។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឃុង ឡា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលតាមផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានសារធាតុញៀន។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យ និងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរសព្ទ iPhone របស់ជនរងគ្រោះមួយគ្រឿង ហើយរត់គេចខ្លួនបាត់។

តាមការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានចូលធ្វើសកម្មភាពលួចទូរសព្ទដៃរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីចាត់ការលើជនសង្ស័យតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សេង សាវី

