ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបន្សល់ឱ្យបុរសម្នាក់រងរបួសបាក់ជើងខាងឆ្វេង ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តទំនើប៣គ្រឿងផ្សេងទៀត ក៏រងការខូចខាតជាដំណំ គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ដែលគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តកាមេរីហាយព្រីតមួយគ្រឿង។ ខណៈដែលរឿងហេតុនេះស្ថិតនៅក្នុងការចាប់អារម្មណ៍ខ្លាំងពីសាធារណជន និងតាមដានយ៉ាងយកចិត្តទុកដាក់នោះ ស្រាប់តែស្រីស្អាតម្នាក់ជាម្ចាស់រថយន្តទំនើបទាំង៣គ្រឿង បានចេញមកប្រកាសស្វែងរកជំនួយជួយដល់ជនរងគ្រោះបាក់ជើងឆ្វេងនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះទៅវិញ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានឱ្យដឹងថា៖ «ដំបូងឡើយគេឃើញរថយន្តកាមរីហាយព្រីតមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2V-7374បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ 163 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកពេញទំហឹងជាមួយនឹងម៉ូតូហុងដា ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BQ-9563 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ណាពេញទំហឹងឃ្ទាត់ជិត 100 ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំស្ទើរតែមើលមិនយល់។ រថយន្តបង្កមិនទាន់បានឈប់ទេបានចូលជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើប 3 គ្រឿងផ្សេងទៀតដែលចតចោលមុខផ្ទះបណ្ដាលឱ្យរងការខូចខាតគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ»។
រថយន្តទាំង 3 គ្រឿងដែលរងគ្រោះថ្នាក់ខូចខាតនោះមាន រថយន្ត 570 គូរូពណ៌ខ្មៅមួយគ្រឿង រថយន្ត bmw ពណ៌សមួយគ្រឿង រថយន្ត លុចស៊ី RX-200Tពណ៌សមួយគ្រឿង។
ក្រោយហេតុការណ៍គ្រោះថ្នាក់ដែលបណ្ដាលឱ្យរថយន្តរងនូវការខូចខាតរហូតមានមនុស្សបាក់ជើងត្រូវទៅសង្គ្រោះនៅមន្ទីរពេទ្យនោះស្រាប់តែស្រីស្អាតដែលជាម្ចាស់ផលិតផលលក់អនឡាញមានឈ្មោះ Moss Only ឬកញ្ញា ជីងជីង បានចេញមកប្រកាសនៅលើផេកហ្វេសប៊ុករបស់ខ្លួនដែលមានចំនួនអ្នកតាមដាន (Follow) ជាង៩០K បានចេញមកអំពាវនាវឱ្យអ្នកស្គាល់និងតាមដានកញ្ញាចូលរួមជាថវិការដើម្បីជួយដល់ជនរងគ្រោះដែលអាចនឹងប្រឈមនឹងកាត់ជើងទាំងសងខាង តាមរយៈខ្លួនថែមទៀតផង។
«យប់មិញគេបុកឡានខ្ញុំទាំង3 និងបុកមនុស្សម្នាក់រងរបួសធ្ងន់ណាស់ គឺអាចនិងកាត់ជេីងទាំងពី មេីលទៅគាត់អត់មានលុយទេ ខ្ញុំសុំបងៗម្នាក់តិចៗ ជួយគាត់ផង បងៗអាចផ្ញេីមកខ្ញុំបានណា ខ្ញុំគឺម្ចាស់ឡានដែលគេបុក លុយទទួលបានខ្ញុំនិងយកទៅអោយគាត់ ABA 522 522 522 Khuon Ching Ching»
ទង្វើរបស់ស្រីស្អាតរូបនេះ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង ព្រោះសកម្មភាពមនុស្សធម៌របស់នារីវ័យក្មេងរូបនេះបានបង្ហាញថាសង្គមខ្មែរយើងនៅតែមានការស្រលាញ់ ចែករំលែក និងយកចិត្តទុកដាក់ចំពោះមនុស្សជាតិ ដោយមិនខ្វល់ពីសេចក្ដីសុខនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន តែព្រួយបារម្ភពីសុខសុវត្ថិភាពនិងអាយុជីវិតមនុស្សជាធំ ហើយក៏ជាគំរូមួយដល់អ្នកផ្សេងៗក្នុងការយកជាគំរូតាមផងដែរ។ មួយផុសនេះមានចំនួនចែករំលែកជាង២K ចំនួនចូលចិត្តគាំទ្រជាង ២K និង Comment រាប់រយថែមទៀត។
គួរដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីហាយព្រីត នេះកើតឡើងនៅយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2021 តាមបណ្ដោយផ្លូវលេខ 163 ក្នុងសង្កាត់ ទួលស្វាយព្រៃទី 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕