តាមរយៈវីដេអូ Teaser MV «វិរៈនារី» របស់កញ្ញា ទេព បូព្រឹក្ស គេកត់សម្គាល់ឃើញថា មកុដ ដែលបានប្រើប្រាស់នៅក្នុងការថត MV នោះ មានឯកលក្ខណៈខុសប្លែកពីមកុដដទៃខ្លាំង។ ជាទូទៅគេធ្លាប់តែឃើញមកុដបុរាណខ្មែរដូចជាមកុដនាង កន្ទុយហង្ស ស្រោមដាវ កំពូលបី ទសមុខ និងមកុដកំពូលអង្គរ ជាដើម។ ដោយឡែកម៉ូដមកុដ «ហនុមាន»នេះ ហាក់ដូចមិនធ្លាប់ឃើញក្នុងការសម្ដែងណាមួយពីមុនមកទេ តើមកុដនេះមានប្រភពមកពីណា?
តាមការស្វែងរកប្រភពរបស់អ្នកសារព័ត៌មានត្រយង បានរកឃើញថា មកុដ «ហនុមាន» នេះត្រូវបានធ្វើឡើងដោយស្នាដៃរបស់យុវជនខ្មែរមួយរូបមានឈ្មោះ ថុន ភារម្យ ដែលលោកជាអ្នកប្រកបអាជីពធ្វើខ្មុកស្មាច់ សាជី និងតោក។ យុវជនរូបនេះ ជាសិស្សមានមូលដ្ឋានគ្រឹះចេញពីសាលាមធ្យមវិចិត្រសិល្បៈដែលបានបញ្ចប់ការសិក្សាផ្នែកខ្មុកស្មាច់។ ខ្មុកស្មាច់ សាជី និងតោក ដែលលោកបានផលិត គឺត្រូវចំណាយពេលសិក្សាយូរឆ្នាំទៅលើមូលដ្ឋាននៃក្បាច់បុរាណខ្មែរបានត្រឹមត្រូវច្បាស់លាស់។ ថ្មីៗនេះ លោកបានបញ្ចេញស្នាដៃថ្មីមួយ ក្នុងការដំឡើងមកុដ «ហនុមាន»។
លោក ថុន ភារម្យ បានអះអាងប្រាប់ថា លោកបានទទួលគំនិតពីអ្នកថតរូបម្នាក់នៅក្នុងស្ទូឌីយោ ស្នើមកឱ្យលោកធ្វើមកុដបែបល្ខោនខោលខ្មែរ ដែលចេញពីមុខខ្មុកហនុមាន។ គំនិតដ៏ល្អនេះ លោកគិតថា មកុដ «ហនុមាន» គឺធ្លាប់ធ្វើតែនៅលើខ្មុកមុខហនុមាន សម្រាប់អ្នកសិល្បករល្ខោនខោលលើកមកពាក់ក្នុងការសម្ដែងជារបាំងមុខ គិតដូច្នេះលោកក៏បានបំបែកគំនិតនេះ ក្នុងការបង្កើតចេញតែទម្រង់មកុដរបស់ហនុមានតែប៉ុណ្ណោះ មិនមែនជារូបរាងមុខខ្មុកឡើយ។
លោក ថុន ភារម្យ បានបន្ដថា លោកបានចំណាយពេល ៥ថ្ងៃ ក្នុងការដំឡើងមកុដហនុមាននេះឡើង។ មកុដច្នៃថ្មីនេះ ធ្វើឱ្យលោកមានមោទនភាពមួយ ក្នុងការលើកស្ទួយអំពីវប្បធម៌ខ្មែរ ក្បាច់បុរាណខ្មែរ ហើយលោកក៏លើកទឹកចិត្តឱ្យអ្នកប្រកបអាជីពនេះ ប្រកាន់ខ្ជាប់នូវការប្រកួតប្រជែងស្នាដៃ ជាជាងគិតតែពីតម្លៃ។
គួររំលឹកបន្ថែមថា ចំពោះការដាក់សម្ពោធវីដេអូ MV បទចម្រៀង «វិរៈនារី» របស់កញ្ញា ទេព បូព្រឹក្ស គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ វិច្ឆកា ឆ្នាំ២០២១នេះ ក្នុងរោងភាពយន្ដ Major Cineplex វេលាម៉ោង ៥រសៀល៕