ស្វាយរៀង៖ កម្មកររោងចក្រចំនួន៦នាក់ ក្នុងនោះមានបុរស២នាក់ និងស្ត្រី៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរថយន្តកុងតឺន័របុកពីក្រោយរថយន្តដឹកកម្មករ នៅតាមផ្លូវជាតិលេខ១។



តាមប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តដឹកកម្មករ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-9884 កំពុងធ្វើដំណើរដឹកកម្មករទៅរោងចក្រ។ លុះដល់កន្លែងកើតហេតុ រថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-7033 សណ្តោងរ៉ឺម៉កកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-2810 បានបើកមកពីក្រោយក្នុងល្បឿនលឿន និងព្យាយាមគេច ប៉ុន្តែរ៉ឺម៉កកុងតឺន័របានបុកពីក្រោយរថយន្តដឹកកម្មករ។
ហេតុការណ៍នេះបណ្តាលឱ្យកម្មករចំនួន៦នាក់រងរបួសធ្ងន់ស្រាល ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងព្យាបាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី។
គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង៦៖១៥នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅ ភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕
អត្ថបទ៖ តាតុងសែនជ័យ

