ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តរបស់មន្ទីរ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងចំណុចខ្វះខាតនានា ដើម្បីកែលម្អប្រសិទ្ធភាពការងារ។ កិច្ចប្រជុំមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សម សម្បត្តិ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ជានាយករងមន្ទីរ នាយការិយាល័យជំនាញទាំង ១១ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។




បន្ទាប់ពីបានស្តាប់របាយការណ៍អំពីលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ឯកឧត្តម ឃឹង សារ៉ាត់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានអនុវត្តតួនាទីភារកិច្ចប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ជាមួយគ្នានេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពតាមផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម ឃឹង សារ៉ាត់ បានផ្តល់អនុសាសន៍ និងដាក់ចេញទិសដៅការងារបន្តចំនួន ១០ចំណុច រួមមាន៖
១. ត្រូវគោរព និងអនុវត្តបទវិន័យនគរបាលជាតិកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។
២. បន្តអនុវត្តតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអនុសាសន៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ព្រមទាំងខិតខំស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រឿងញៀនករណីធំៗឱ្យបានទាន់ពេលវេលា និងឈានដល់ឫសគល់។
៣. បន្តពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសសំណុំឯកសារនៅតាមការិយាល័យជំនាញនីមួយៗ។
៤. បន្តស្រាវជ្រាវ និងអនុវត្តដីកាដែលនៅសេសសល់ ដើម្បីឈានទៅចាប់ខ្លួនជនល្មើស និងនាំមកអនុវត្តតាមច្បាប់។
៥. រៀបចំបញ្ជី និងកំណត់ឱ្យបានច្បាស់នូវគោលដៅដែលងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន ដើម្បីពង្រឹងការផ្សព្វផ្សាយ អប់រំ និងបង្ក្រាប។
៦. បង្កើនការអប់រំ និងរំលឹកដល់មន្ត្រីអនុវត្តច្បាប់អំពីក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារឱ្យបានត្រឹមត្រូវតាមជំនាញ នីតិវិធី និងច្បាប់ ដើម្បីលុបបំបាត់ភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ។
៧. បន្តតាមដាន និងរំលឹកលិខិតឆ្លើយតបដែលហួសកំណត់ ព្រមទាំងពន្លឿនការឆ្លើយតបឱ្យបានទាន់ពេលវេលា។
៨. ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជីវត្តមានរបស់មន្ត្រីនគរបាលជាតិនៃមន្ទីរ ដោយចាត់វិធានការចំពោះមន្ត្រីអវត្តមានដោយគ្មានមូលហេតុត្រឹមត្រូវ តាមរយៈការធ្វើលិខិតអញ្ជើញ និងកិច្ចសន្យា។
៩. បន្តពង្រឹងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
១០. បន្តពង្រឹងការរៀបចំរបាយការណ៍បូកសរុបប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ឱ្យបានទៀងទាត់តាមការកំណត់ ព្រមទាំងបន្តអនុវត្តការងារផ្សេងៗដែលនៅសេសសល់។
កិច្ចប្រជុំបានបញ្ចប់ដោយការជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ បន្តពង្រឹងការអនុវត្តតួនាទីភារកិច្ច ដើម្បីឱ្យការងារបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលកាន់តែមានប្រសិទ្ធភាព៕




