(ភ្នំពេញ)៖ បង្ហាញពីស្មារតីស្នេហាជាតិ និងកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមចំពោះមាតុភូមិ យុវជនកម្ពុជាជិត ៣,០០០នាក់ បានសម្រេចចិត្តស្ម័គ្រចិត្តដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា ដោយក្តីសប្បាយរីករាយ និងពេញចិត្តជាខ្លាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃបើកទទួលពាក្យដំបូង។

ចំនួនដ៏ច្រើនលើសលប់នៃបេក្ខជនស្ម័គ្រចិត្តត្រឹមតែក្នុងរយៈពេលមួយថ្ងៃនេះ ត្រូវបានលើកឡើង និងកោតសរសើរដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីបានសម្តែងនូវក្តីមោទនភាពយ៉ាងជ្រាលជ្រៅចំពោះកុលបុត្រកម្ពុជាជំនាន់ក្រោយ ដែលបានស្ម័គ្រចិត្តចូលរួមបម្រើជាតិដោយក្តីពេញចិត្ត និងការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ការសម្រេចចិត្តចូលបំពេញកាតព្វកិច្ចយោធារបស់ក្រុមយុវជននាពេលនេះ មិនត្រឹមតែជាការចូលរួមពង្រឹងវិស័យការពារជាតិ និងការពារអធិបតេយ្យភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្តែងឱ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាព និងការត្រៀមខ្លួនស្រឡាញ់ ការពារសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូលផងដែរ៕

Share.