ហេតុការណ៍រញ្ជួយដីកម្រិតស្រាលចំនួន ៣លើកបន្តបន្ទាប់គ្នា ត្រូវបានកត់ត្រានៅក្នុងទីតាំងតែមួយ ស្ថិតក្នុងឃុំ ណាំឃររឿ ស្រុក ហុត ខេត្តឈៀងម៉ៃ នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយរបស់ The Thaiger។

រំញ័រដីដំបូងបានកើតឡើងនៅវេលាម៉ោង ១:៥០នាទីរំលងអធ្រាត្រ ក្នុងកម្រិត ២,៨រិចទ័រ និងជម្រៅ ៤គីឡូម៉ែត្រ បន្ទាប់មកនៅវេលាម៉ោង ២:២២នាទី មានរញ្ជួយដីលើកទីពីរ កម្រិត ១,៧រិចទ័រ ក្នុងជម្រៅ ២គីឡូម៉ែត្រ និងលើកទីបីនៅវេលាម៉ោង ៣:២៤នាទីទៀបភ្លឺ កម្រិត ១,៥ រិចទ័រក្នុងជម្រៅ ២គីឡូម៉ែត្រដូចគ្នា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងឃុំជិតខាងមានអារម្មណ៍ដឹងពីការរញ្ជួយដីយ៉ាងច្បាស់។

ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬផលប៉ះពាល់ធ្ងន់ធ្ងរណាមួយនៅឡើយទេ ហើយអាជ្ញាធរមានសមត្ថកិច្ចបានចុះពិនិត្យ និងវាយតម្លៃស្ថានភាពផ្ទាល់នៅតាមតំបន់រងផលប៉ះពាល់ចាប់ពីម៉ោង ៨:០០ព្រឹកមក។
នាយកដ្ឋានឧតុនិយមថៃបានបញ្ជាក់ថា បច្ចុប្បន្នភាពមិនទាន់មានបច្ចេកវិទ្យាណាអាចព្យាករណ៍ពីការកើតឡើងនៃរញ្ជួយដីជាមុនបានឡើយ ហេតុនេះការតាមដាន និងវាស់វែងចលនារំញ័រដីឱ្យបានច្បាស់លាស់ គឺជារឿងសំខាន់បំផុតសម្រាប់កិច្ចការឃ្លាំមើល និងវិស័យវិស្វកម្មសំណង់។ ទោះបីជាទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា ប្រទេសថៃមានហានិភ័យរញ្ជួយដីទាបជាងបណ្តាប្រទេសមួយចំនួនក្នុងពិភពលោកក៏ដោយ ប៉ុន្តែប្រទេសនេះមិនមែនផុតទាំងស្រុងពីគ្រោះថ្នាក់ធម្មជាតិនេះនោះទេ។

សូមជម្រាបថា ការរញ្ជួយដីនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលប្រទេសថៃ កំពុងតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរជាមួយនឹងវិបត្តិគ្រោះមហន្តរាយធម្មជាតិជាច្រើនក្នុងពេលតែមួយ។ បច្ចុប្បន្ន គ្រោះទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកំពុងគ្របដណ្តប់លើខេត្តចំនួន៣០ ទូទាំងប្រទេស រាប់បញ្ចូលទាំងរាជធានីបាងកក ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១,១លានគ្រួសារ។ បន្ថែមពីលើនេះ បាតុភូតអាកាសធាតុប្រែប្រួលភ្លាមៗក៏បានបង្កឱ្យមានភ្លៀងធ្លាក់ដុំទឹកកកយ៉ាងចម្លែកនៅតំបន់មួយចំនួនក្នុងរាជធានីបាងកក ខណៈការបន្តធ្លាក់ភ្លៀងយ៉ាងកំហុកបានធ្វើឱ្យអាជ្ញាធរត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំផែនការជម្លៀសប្រជាជនជាបន្ទាន់៕

