បាត់ដំបង ៖ ផ្លូវកៅស៊ូចំនួន៣ខ្សែ ក្នុងខេត្តបាត់ដំបង ទទួលរងខូចខាតធ្ងន់ធ្ងរ មិនអាចឱ្យយានជំនិះចរាចរណ៍ឆ្លងកាត់បាន ដោយសារទឹកជំនន់ ហើយនៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ត្រូវបានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យជាក់ស្ដែង ផ្លូវទាំង៣ខ្សែនោះ និងរៀបចំធ្វើផ្លូវវាង ស្ពានឈើ សម្រួលចរាចរណ៍បណ្តោះអាសន្ន គ្រាន់ពលរដ្ឋឆ្លងកាត់ ។

បើតាមក្រសួងអភិវឌ្ឍនជនបទ ផ្លូវបោះពោធិ៍-សំរោងកោងទួលល្វៀង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) រងការជនលិចស្ទើរទាំងស្រុងបណ្តាលឱ្យទឹកហូរច្រោះ បាក់តាមជើងទេរ និងកន្លែងផ្សេងទៀតបង្កឱ្យផ្អាកការធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន ។ ផ្លូវនេះមានប្រវែង ៩,៦០គ.ម ចាប់ផ្ដើមពីភូមិបោះពោធិ៍ ទៅដល់ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ។

ចំណែក ផ្លូវដំបូកខ្ពស់-វត្តកណ្ដាល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរជាច្រើនកន្លែង និងមានការហូរកាត់តួរផ្លូវ ១កន្លែងផងដែរ ។ ផ្លូវនេះ មានប្រវែងសរុប ១៤,៦២ គ.ម. ទទឹង៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំបូកខ្ពស់ ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ។

ដោយឡែក ផ្លូវរ៉ា-ស្ពាន ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលទើបស្ថាបនាក្នុងឆ្នាំ២០២៥ ត្រូវបានទឹកជំនន់ហូរច្រោះ បាក់តាមជើងទេរដោយកន្លែង និងមានការហូរកាត់តួរផ្លូវ ២កន្លែងមានប្រវែងប្រហែល ៧ម៉ែត្រ ។ ផ្លូវនេះ មានប្រវែងសរុប ១៤,១០គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ។

ក្រោយពិនិត្យផលប៉ះពាល់ជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំស្រុក ឱ្យរៀបចំធ្វើផ្លូវវាង ឬស្ពានឈើ ដើម្បីសម្រួលចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាបណ្តោះអាសន្ន រងចាំទឹកស្រកអស់ ក្រសួង មន្ទីរ នឹងពិនិត្យ ស្ថាបនាផ្លូវឡើងវិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.