ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្របខណ្ឌស្នូលនៃទស្សនកិច្ចនេះ គឺការចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់ អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការបង្ក្រាបជនល្មើសរត់គេចខ្លួន រៀបចំដោយក្រសួងនគរបាលវៀតណាម។ ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃ ក៏មានជំនួបជាពហុភាគី និងទ្វេភាគីមួយចំនួនទៀតផងដែរ។

ក្នុងក្របខណ្ឌ សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់ អាស៊ាន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋមន្រ្តី ប្រតិភូជាន់ខ្ពស់នៃរដ្ឋសមាជិកអាស៊ានទាំង១១ប្រទេស និងអគ្គលេខាធិការដ្ឋានអាស៊ាន បានអញ្ជើញចូលរួមក្នុងជំនួបសំណេះសំណាលពហុភាគី ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដែលជាម្ចាស់ផ្ទះ និងបានបន្តអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការបង្ក្រាបជនល្មើសរត់គេចខ្លួន រៀបចំនៅសណ្ឋាគារ Melia។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាជនល្មើសរត់គេចខ្លួនតែឯកឯងបានឡើយ ពោលគឺកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការចែករំលែកព័ត៌មាន និងការជួយគ្នាទៅវិញទៅមក ជាកត្តាចាំបាច់ដើម្បីធានាថា ព្រំដែនមិនអាចក្លាយជាឧបសគ្គអនុវត្តច្បាប់ និងមិនមែនជាចន្លោះសុវត្ថិភាពសម្រាប់ជនល្មើស។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់ពីការត្រៀមខ្លួនធ្វើការជិតស្និទ្ធ ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធ ព្រមទាំងស្វែងរកវិធីសាស្រ្តដោះស្រាយជាក់ស្ដែង និងមានប្រសិទ្ធភាព ក្នុងការនាំខ្លួនជនល្មើសរត់គេចខ្លួន មកទទួលខុសត្រូវចំពោះមុខច្បាប់។

អង្គសន្និសីទបានឯកភាពជាគោលការណ៍លើផែនការសកម្មភាពរួម និងបានអនុម័តសេចក្ដីថ្លែងការណ៍រួម សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពលើការបង្ការ ទប់ស្កាត់ និងបង្រ្កាបជនល្មើសរត់គេចខ្លួន សំដៅកសាងតំបន់អាស៊ានមួយប្រកបដោយសន្តិសុខ សុវត្ថិភាព ភាពធន់ និងគ្មានបទល្មើស។

សម្រាប់ជំនួបពហុ និងទ្វេភាគី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយនឹងប្រធានប្រតិភូនៃរដ្ឋសមាជិកអាស៊ាន បានជួបសម្ដែងការគួរសមចំពោះ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ឯកឧត្តម Dato Seri Setia Haji Sufian Bin Haji Sabtu រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រព្រុយណេដារូសាឡាម និង ឯកឧត្តម Francisco Da Costa Guterres រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ប្រធានបទនៃកិច្ចពិភាក្សាទាំងនោះ មានជាអាទិ៍ ការពង្រឹង និងយកចិត្តទុកដាក់បន្ថែមលើបញ្ហាប្រឈម និងតម្រូវការសហប្រតិបត្តិការថ្មីៗ ជំរុញការផ្លាស់ប្ដូរគណៈប្រតិភូដើម្បីឈ្វេងយល់ និងចែករំលែកបទពិសោធលើការងារអនុវត្តច្បាប់ ការពង្រឹងសមត្ថភាពកងកម្លាំង ការផ្លាស់ប្ដូរបទពិសោធក្នុងវិស័យរដ្ឋបាលដែនដី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងប្រទាក់ក្រឡាជាពហុភាគីផង ដើម្បីបង្ការទប់ស្កាត់ បង្ក្រាប និងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ខ្លឹមសារបន្ថែម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នឹងចេញសេចក្ដីប្រកាសព័ត៌មានបន្ថែម៕

ប្រភព៖ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

Share.