ចិន៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី៧៧ នៃការប្រកាសបង្កើត «សាធារណរដ្ឋប្រជាមានិតចិន» ខណៈប្រជាជនចិនជាច្រើនកំពុងធ្វើដំណើរកម្សាន្ត និងជួបជុំគ្រួសារ ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ ឬ «សប្ដាហ៍មាស-Golden Week»។

សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតជាផ្លូវការ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ នៅទីលានធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង។ ក្នុងពិធីប្រកាសបង្កើតប្រទេស លោក ម៉ៅ សេទុង បានប្រកាសជាផ្លូវការពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ចាប់តាំងពីពេលនោះមក ថ្ងៃទី១ ខែតុលា ត្រូវបានកំណត់ជាទិវាបុណ្យជាតិរបស់ប្រទេសចិន ឬ «国庆节» (Guóqìng Jié)។ ក្នុងឱកាសនេះ ទីក្រុង និងតំបន់សំខាន់ៗជាច្រើនត្រូវបានតុបតែងដោយទង់ជាតិចិន ផ្កា និងសម្ភារៈតុបតែងផ្សេងៗ ខណៈសកម្មភាពវប្បធម៌ និងការអបអរសាទរត្រូវបានរៀបចំឡើងនៅតាមទីសាធារណៈ។

អំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិ ប្រជាជនចិនជាច្រើនបានធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ និងតំបន់ប្រវត្តិសាស្ត្រនានាទូទាំងប្រទេស។ អ្នកខ្លះធ្វើដំណើរទៅជួបជុំគ្រួសារ ខណៈអ្នកផ្សេងទៀតជ្រើសរើសទៅកាន់តំបន់ទេសចរណ៍ល្បីៗ។ ដោយសារមានការធ្វើដំណើរច្រើន ស្ថានីយរថភ្លើង អាកាសយានដ្ឋាន និងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗនៅតាមទីក្រុងនានា ក៏មានសកម្មភាពមមាញឹកជាងធម្មតាក្នុងអំឡុងពេលឈប់សម្រាកនេះផងដែរ។

«Golden Week» ក៏ជារយៈពេលដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសចិន ខណៈប្រជាជនមានឱកាសធ្វើដំណើរ សម្រាកលំហែ និងជួបជុំជាមួយក្រុមគ្រួសារ។

បើក្រឡេកទៅមើលប្រវត្តិនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន បក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២១។ សមាជលើកទី១ របស់បក្សនេះបានចាប់ផ្តើមនៅទីក្រុងសៀងហៃ ហើយកិច្ចប្រជុំចុងក្រោយត្រូវបានផ្លាស់ទៅធ្វើនៅទីក្រុងជៀស៊ីង (Jiaxing) ខេត្ត Zhejiang។

លោក ម៉ៅ សេទុង បានក្លាយជាឥស្សរជនសំខាន់មួយរូបក្នុងការដឹកនាំបក្សកុម្មុយនីស្តចិន និងចលនាបដិវត្តន៍ចិន។ ក្នុងដំណើរបដិវត្តន៍ លោកបានផ្តោតសំខាន់លើការកៀរគរកសិករ និងការកសាងមូលដ្ឋាននៅតំបន់ជនបទ ដោយអនុវត្តយុទ្ធសាស្ត្រដែលផ្តោតលើការពង្រីកកម្លាំងពីជនបទឆ្ពោះទៅកាន់ទីក្រុង។

ក្រោយការតស៊ូ និងសង្គ្រាមជាច្រើនដំណាក់កាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ លោក ម៉ៅ សេទុង បានឈរនៅលើវេទិកានៃទីលានធានអានម៉ិន ក្នុងទីក្រុងប៉េកាំង និងប្រកាសជាផ្លូវការពីការបង្កើត «សាធារណរដ្ឋប្រជាមានិតចិន» ដែលបានក្លាយជារដ្ឋាភិបាលថ្មីរបស់ប្រទេសចិននៅពេលនោះ។

លោក ម៉ៅ សេទុង បានកាន់តំណែងជាប្រធានរដ្ឋដំបូងរបស់សាធារណរដ្ឋប្រជាមានិតចិន។ លោកបានទទួលមរណភាពនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ៨២ឆ្នាំ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ គឺជាខួប៥០ឆ្នាំនៃមរណភាពរបស់លោក។

លោក ម៉ៅ សេទុង កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៣ នៅភូមិសាវសាន (Shaoshan) ខេត្តហ៊ូណាន (Hunan) ប្រទេសចិន។

អត្ថបទ៖ សុខៈ វេជ្ជៈណា

Share.