អន្តរជាតិ៖ តារាសម្ដែងស្រីហូលីវូដ និងជាអតីតបេសកជនពិសេសរបស់ទីភ្នាក់ងារស្ដីទីជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) អ្នកនាង អេនជេលីណា ជូលី (Angelina Jolie) បានលើកឡើងពីការឈឺចាប់ និងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍មនុស្សធម៌នៅតំបន់ហ្កាហ្សា ដោយបានបញ្ជាក់ថា មនុស្សគ្រប់រូបពេលនេះអាចបើកមើលតាមប្រព័ន្ធ Google Earth ដើម្បីឃើញដោយផ្ទាល់នូវកម្រិតនៃការខូចខាតដ៏សន្ធឹកសន្ធាប់ដែលត្រូវបានបន្សល់ទុកក្រោយការវាយប្រហារ។

តាមរយៈសារដែលបានចែករំលែកអមជាមួយរូបភាពជាច្រើនសន្លឹកជាសាធារណៈ អ្នកនាងបានសង្កត់ធ្ងន់ថា៖ «សហគមន៍ទាំងមូលត្រូវបានកម្ទេចរាប។ ផ្ទះសម្បែង សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធទឹក និងអនាម័យ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលប្រជាជនពឹងផ្អែកលើការរស់រានមានជីវិត ត្រូវបានខូចខាត ឬបំផ្លាញខ្ទេចខ្ទី»។

អ្នកនាងបន្ថែមថា យោងតាមការវិភាគរូបភាពផ្កាយរណបរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ រចនាសម្ព័ន្ធប្រមាណ ៨២ភាគរយ នៅទូទាំងតំបន់ហ្កាហ្សាត្រូវបានរងការខូចខាត ដោយក្នុងនោះប្រហែលពីរភាគបីនៃរចនាសម្ព័ន្ធដែលខូចខាតទាំងនោះ ត្រូវបានវាយតម្លៃថាបាន រងការបំផ្លាញទាំងស្រុង។

ខណៈដែលរដូវរងាកំពុងឈានចូលមកដល់ ប្រជាពលរដ្ឋចំនួន ១,៩៨លាននាក់ ឬស្មើនឹង ៩៤ភាគរយ នៃចំនួនប្រជាជនសរុបនៅហ្កាហ្សា កំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ផ្នែកទីជម្រក និងសម្ភារៈចាំបាច់សម្រាប់ការរស់នៅ។ ប៉ុន្តែជាអកុសល ការបញ្ជូនជំនួយមនុស្សធម៌ និងសម្ភារៈសាងសង់ទីជម្រកនៅតែបន្តប្រឈមមុខនឹងការរឹតត្បិត និងការពន្យារពេលជាបន្តបន្ទាប់។

ម្ដាយម៉ាដុករូបនេះ បានរៀបរាប់អារម្មណ៍ឈឺចាប់ទៀតថា៖ «Google Earth អាចបង្ហាញពីភាពវិនាសសហគ្រាសរូបវន្តដោយភាពច្បាស់ក្រឡែតយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលវាមិនអាចបង្ហាញបាន គឺអត្ថន័យនៃការរស់នៅមានភាពលំបាកទាំងនោះ អ្វីដែលបានកើតឡើងចំពោះគ្រួសារដែលត្រូវបានសម្លាប់ និងជីវិតរស់នៅរបស់ពួកអ្នកដែលនៅសេសសល់តស៊ូជីវិត»។

នៅចំពោះមុខវិបត្តិដ៏ធ្ងន់ធ្ងរនេះ តារារូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលកើតឡើងបន្ទាប់ទៀតគឺជារឿងសំខាន់បំផុត ដែលទាមទារឱ្យមានសកម្មភាពអន្តរាគមន៍ជាបន្ទាន់ដូចជា ជម្រក ជំនួយមនុស្សធម៌ សម្ភារៈវេជ្ជសាស្ត្រ និងការស្ដារបរិយាកាសឱ្យស្ថាបនាឡើងវិញ។ «ភាពវិនាសអន្តរាយគឺអាចមើលឃើញជាក់ស្ដែង។ តម្រូវការគឺត្រូវបានដឹងច្បាស់។ អ្វីដែលសំខាន់នាពេលនេះ គឺថាតើតម្រូវការទាំងនោះត្រូវបានបំពេញឬយ៉ាងណា?» នេះជាសារបួងសួង និងអំពាវនាវដ៏មានអានុភាពរបស់អ្នកនាង ជូលី ទៅកាន់ស្ថាប័នពាក់ព័ន្ធអន្តរជាតិ រួមមានទាំង @un_ocha និង @inaraorg៕

Share.