មណ្ឌលគិរី៖ គ្រួសារចំនួន៤ ដែលក្នុងនោះមានស្ត្រីទើបសម្រាលកូនភ្លោះ៣នាក់មួយគ្រួសារ កូនភ្លោះ២នាក់មួយគ្រួសារ និងស្ត្រីសម្រាលបានកូនម្នាក់ចំនួន២គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ខណៈក្រុមការងារបានចុះសួរសុខទុក្ខផ្ទាល់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីទើបសម្រាលកូន និងក្រុមគ្រួសារ ព្រមទាំងបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះស្ត្រី និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយមិនប្រកាន់ការរើសអើង ឬនិន្នាការនយោបាយ។

សម្រាប់គ្រួសារដែលសម្រាលបានកូនភ្លោះ៣នាក់ ទទួលបានអង្ករ២៥គីឡូក្រាម ឃីតទារក៣ឃីត មីជាតិ២កេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស ទឹកដោះគោ៤យួរ និងថវិកា២០ម៉ឺនរៀល និងគ្រួសារដែលសម្រាលបានកូនភ្លោះ២នាក់ ទទួលបានអង្ករ២៥គីឡូក្រាម ឃីតទារក២ឃីត មីជាតិ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកដោះគោ២យួរ និងថវិកា១៥ម៉ឺនរៀល។

 ចំណែកស្ត្រីដែលសម្រាលបានកូនម្នាក់ ចំនួន២គ្រួសារ ក្នុងមួយគ្រួសារទទួលបានឃីតទារក១ឃីត មីជាតិ១កេស ត្រីខ១យួរ ទឹកដោះគោ២យួរ និងថវិកា៥ម៉ឺនរៀល។ សកម្មភាពនេះជាផ្នែកមួយនៃការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមជួយសម្រាលការលំបាក និងផ្ដល់កម្លាំងចិត្តដល់គ្រួសារដែលមានស្ត្រីទើបសម្រាលកូន និងកំពុងត្រូវការការយកចិត្តទុកដាក់៕

Share.