ពោធិ៍សាត់៖ បញ្ហាដីធ្លីរបស់អ្នកស្រី សែម សុខគា នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឈានដល់ដំណោះស្រាយ បន្ទាប់ពីអ្នកស្រីបានឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងព្រមចូលមកពិភាក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីរបស់ខ្លួន។

កន្លងមក អ្នកស្រី សែម សុខគា បានតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់នេះជាច្រើនលើក ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែបន្ទាប់ពីសម្ដេចធិបតីបានអំពាវនាវកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឱ្យអ្នកស្រីចូលមកដោះស្រាយដោយស្មោះត្រង់ ដោយអាជ្ញាធរនឹងស្វែងរកដីថ្មីជំនួសជូន អ្នកស្រីបានឆ្លើយតប និងចូលមកជួបអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ដើម្បីពិភាក្សារកដំណោះស្រាយ។
ជុំវិញបញ្ហាដីធ្លីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ ក៏បានថ្លែងអំណរគុណដល់អ្នកស្រី សែម សុខគា ដែលបានឆ្លើយតបនឹងការអំពាវនាវ និងចូលរួមដោះស្រាយបញ្ហាតាមរយៈការពិភាក្សាជាមួយអាជ្ញាធរខត្ត។ ជាមួយគ្នាសម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវឡើយ ជាពិសេសប្រជាពលរដ្ឋដែលពិតជាមិនមានដីធ្លី ហើយរាជរដ្ឋាភិបាលតែងស្វែងរកដំណោះស្រាយជូនតាមគោលនយោបាយ និងកម្មវិធីដែលមានស្រាប់។

ក្នុងនោះ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្ដល់ដីសម្បទានសង្គមកិច្ច រួមទាំងការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ព្រមទាំងកម្មវិធី LASED កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជន និងនិវត្តន៍ជន និងកម្មវិធីផ្ដល់ដី និងការពារព្រៃ ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅ និងចូលរួមអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដឹកនាំដោយឯកឧត្តម កែវ រតនៈ ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងស្វែងរកដំណោះស្រាយជូនអ្នកស្រី សែម សុខគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។ ដោយឡែក ចំពោះតំបន់អន្ទង់អាំង ឬ «បុប្ផាលាក់ខ្លួន» នៅភ្នំ១៥០០ សម្ដេចធិបតីបានបញ្ជាក់ថា តំបន់នេះនឹងត្រូវរក្សាទុកជាតំបន់សាធារណៈរបស់រដ្ឋ និងរៀបចំដាំដើមឈើឡើងវិញ ដោយមានគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្ត៕
អត្ថបទ៖ពោធិ៍សាត់

