ថ្មីៗនេះ គេបានឃើញតារាសម្ដែងល្បីឈ្មោះប្រុសរូបសង្ហា លោក តុងលី បញ្ចេញកាយវិកាស្និទ្ធជាមួយតារាស្រីស្អាតកញ្ញា រចនា រ៉ាវ៉ាឌី។ តារាទាំងពីរដួងនេះ បើតាមគេដឹងគឺទើបតែបានចាប់ដៃគូគ្នាជាលើកដំបូងសម្ដែងរឿងភាគទូរទស្សន៍ឱ្យស្ថានីយទូរទស្សន៍បាយ័ន។ យ៉ាងណាមិញ តារាប្រុសកូនកាត់ចិនរូបនេះ ក៏បានទម្លាយថា នៅក្នុងរឿងដំបូងនេះមានឈុតសាច់ប៉ះសាច់ជាមួយកញ្ញា រចនា រ៉ាវ៉ាឌី។
លោក តុង លី បានផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានត្រយងថា ជាការពិតណាស់ នេះគឺជារឿងភាគដំបូងដែលលោកបានចូលរួមសម្ដែងជាមួយតារារៀមច្បងដូចជា កញ្ញា រចនា រ៉ាវ៉ាឌី មានចំណងជើងថា «ម៉េម៉ាយសម្បូរស្នេហា» ។ លោកថា បើទោះបីជាលើកដំបូងក៏ពិតមែន ក៏ប៉ុន្ដែមានឈុតសាច់ប៉ះសាច់ ដូចជា ឈុតស្នេហា ឈុតថើបប៉ះថ្ពាល់ ឈុតកៀកស្នា ជាដើម។ លោកថា ការសម្ដែងជាមួយកញ្ញាគឺ មិនមានភាពអៀនខ្មាសទេ ព្រោះគ្រប់ប្លង់ទាំងអស់ លោកនិងកញ្ញាសម្ដែងងាយចូលតួ និងសមតង់គ្នាខ្លាំងមែនទែន។
តារាប្រុសកម្ពស់ខ្ពស់ស្រឡះរូបនេះ បានបន្ដទៀតថា បើនិយាយពីអត្តចរិតពិតរបស់កញ្ញា រចនា រ៉ាវ៉ាឌី ក្នុងការងារសិល្បៈ គឺលោកមានការពេញចិត្តខ្លាំងណាស់ ដោយសារតែកញ្ញាជាមនុស្សស្រីម្នាក់ដែលសុភាពរាបសា មានភាពក្លាហាន និងរួសរាយរាក់ទាក់ខ្លាំងមែន មិនដែលប្រកាន់ខ្លួនថាជាតារារៀមច្បងដាក់លោក តែកញ្ញាតែងតែចែករំលែកពីបទពិសោធន៍ក្នុងការសម្ដែងដល់លោកជានិច្ច។
លោក តុងលី បានបន្ដបញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យលោកកាន់តែចូលចិត្ត និងចង់ធ្វើការសម្ដែងជាមួយកញ្ញា រចនា រ៉ាវ៉ាឌី ក៏ដោយសារតែ កញ្ញាគឺជាមនុស្សគោរពពេលវេលា និងឱ្យតម្លៃអ្នកដទៃដែលនៅក្បែរខ្លួន មិនថាក្រុមការងារ ឬតួសម្ដែងដូចគ្នា ក៏កញ្ញានៅតែគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមកជានិច្ច។
សូមជម្រាបផងដែរថា នៅក្នុងរឿងភាគ «ម៉េម៉ាយសម្បូរស្នេហា» ក៏មានការចូលរួមសម្ដែងពីតួល្បីៗដូចជា អ្នកនាង ស្វែង សុជាតា លោក ព្រីនស៍ កញ្ញា រចនា រ៉ាវ៉ាឌី លោក តុងលី បញ្ញាសិទ្ធ និងតារាសិល្បៈជាច្រើនដួងទៀត៕