
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រី សែម សុខគា ដែលបានឆ្លើយតបយ៉ាងវិជ្ជមានចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសម្រេចចិត្តចូលខ្លួនមកជួបជាមួយក្រុមការងារខេត្ត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងភាពស្មោះត្រង់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ហៅថា បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមិនបន្តការជ្រើសរើសការតវ៉ាលើដងផ្លូវឡើយ។
តាមរយៈសារពិសេសនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា៖ «រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ ជាពិសេសប្រជាពលរដ្ឋដែលមិនមានដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែជួយរកដំណោះស្រាយជូន ដូចជាការផ្ដល់ដីសម្បទានសង្គមកិច្ចរួមទាំងការកសាងផ្ទះជូន ដែលកន្លងមករាជរដ្ឋាភិបាលបានផ្ដល់ឱ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅទូទាំងប្រទេសរួចហើយ»។

សម្ដេចធីបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈកម្មវិធីគន្លឹះនានា រួមមាន៖ កម្មវិធីបែងចែកដីធ្លីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) កម្មវិធីផ្ដល់ដីជូនអតីតយុទ្ធជន និងនិវត្តជន កម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងកម្មវិធីគាំទ្រផ្សេងៗទៀត។
ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរដល់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម កែវ រតនៈ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយជូនអ្នកស្រី សែម សុខគា ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា តំបន់អន្ទង់អាំង ឬហៅថា «បុប្ផាលាក់ខ្លួន» នៅលើភ្នំ១៥០០ នេះ នឹងត្រូវរក្សាទុកជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើបៃតងឡើងវិញ ក្នុងគោលដៅអភិវឌ្ឍប្រែក្លាយទៅជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពល ដើម្បីឱ្យប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរអាចមកទស្សនាកម្សាន្តបានប្រកបដោយភាពរីករាយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ ស្ត្រីឈ្មោះ សែម សុខគា ដែលធ្លាប់បានអះអាងថាខ្លួនបានកាន់កាប់ដីនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ គីឡូម៉ែត្រ១៣៧ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ រយៈពេលជាង១០ឆ្នាំ និងមានបណ្ណកម្មសិទ្ធិ ដោយបានឡើងមកតវ៉ាដល់រាជធានីភ្នំពេញ និងដាក់ពាក្យបណ្តឹងជំទាស់នឹងចំណាត់ការរបស់អាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីស្នើសុំសិទ្ធិគ្រប់គ្រងដីរបស់ខ្លួនវិញ។ ប៉ុន្តែ តាមរយៈការអំពាវនាវ និងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលនេះ បញ្ហាមួយនេះត្រូវដោះស្រាយដោយសន្តិវិធី ក្រោមការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ច៕
