ក្រោយបញ្ចប់ការប្រកួតជម្រុះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 Wurkz Special Volleyball Challenge Cup 2026 នៅតាមមណ្ឌលភូមិភាគទាំង ៥ជុំវិញប្រទេសកម្ពុជា ពេលបានរកឃើញក្រុមខ្លាំងទាំង១០ រួមជាមួយក្រុមខ្លាំង ៣ទៀតនៅ «តេជោលីគ» ត្រៀមដណ្ដើមប្រាក់លាន ពានរង្វាន់បាល់ទះភូមិភាគ U20 វគ្គផ្ដាច់ព្រ័ត្រ នៅភ្នំពេញ។

មុនឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ សហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលមានការចូលរួមពីមន្ត្រីសហព័ន្ធ មន្ត្រីបច្ចេកទេស ប្រតិភូ គ្រូបង្វឹក កីឡាករ តំណាង ១៣សមាគម-ក្លិប-ក្រុម និងអ្នកសារព័ត៌មាន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ការប្រកួតមាន ១៣ ក្រុម បែងចែកជា ៤ពូល ក្នុងនោះមាន ៣ក្រុមរង់ចាំនៅរាជធានីភ្នំពេញ និង១០ ក្រុមទទួលបានសិទ្ធិពីការប្រកួតជម្រុះតាមមណ្ឌលចំនួន ៥ រួមមាន៖ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ តាកែវ និងកោះកុង។
១. មណ្ឌលខេត្តកំពង់ឆ្នាំង) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជើងឯករង៖ ក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង
២. មណ្ឌលខេត្តកំពង់ធំ) ជើងឯក៖ ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ជើងឯករង៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
៣. មណ្ឌលខេត្តក្រចេះ) ជើងឯក៖ ក្លិបបាល់ទះហង្សជ័យមានរិទ្ធ ជើងឯករង៖ ក្រុមបាល់ទះសីហាសាមគ្គី
៤. មណ្ឌលខេត្តតាកែវ) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជើងឯករង៖ ស្នងការដ្ឋានគរបាលខេត្តតាកែវ
៥. មណ្ឌលខេត្ត កោះកុង) ជើងឯក៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជើងឯករង៖ ស្នងការដ្ឋានគរបាលខេត្តកោះកុង
សម្រាប់នៅដែលត្រូវឈរចាំនៅរាជធានីភ្នំពេញ មានចំនួន ៣ក្រុមរួមមាន៖ ក្លិបបាល់ទះវិសាខា ស្នងការ ន.ប រាជធានីភ្នមពេញ និង ស្នងការ ន.ប ខេត្តកោះកុង។
លទ្ធផលចាប់ពូលមានដូចខាងក្រោម៖

ការប្រកួតជុំចុងក្រោយ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់២៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសាលពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ក្រុមទទួលបានជើងឯក នឹងទទួលបានពានមួយ ជាមួយប្រាប់រង្វាន់ ៥០លានរៀល ជើងឯករង ទទួលបាន ២០លានរៀល លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៨លានរៀល។
ការប្រកួតនេះមានគោលបំណងជំរុញការអភិវឌ្ឍកីឡាបាល់ទះយុវជន ស្វែងរក និងបណ្តុះបណ្តាលធនធានកីឡាករជំនាន់ក្រោយ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន៕



