លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់អ្នកសិល្បៈខ្មែរ ដោយបានគូសបញ្ជាក់ថា សិល្បករ និងសិល្បការិនីគ្រប់ទម្រង់ គឺជាតួអង្គគន្លឹះក្នុងការចូលរួមថែរក្សាវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ដូនតា ព្រមទាំងអភិវឌ្ឍន៍ និងផ្សព្វផ្សាយមរតកនេះទៅកាន់យុវជនជំនាន់ក្រោយ និងលើឆាកអន្តរជាតិ។

ការថ្លែងពាក្យពេចន៍យ៉ាងមានអត្ថន័យនេះ ត្រូវបានធ្វើឡើងនាឱកាសដែល លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុង «ពិធីពិសាអាហារសាមគ្គីជាមួយសិល្បកររៀមច្បង» កាលពីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមសិល្បករកម្ពុជា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងតបស្នងគុណូបការៈចំពោះសិល្បករ-សិល្បការិនីរៀមច្បង ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការថែរក្សា ផ្ទេរចំណេះដឹង និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។

ពិធីនេះក៏មានការចូលរួមយ៉ាងកុះករពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងសិល្បករ-សិល្បការិនីជាច្រើនរូប។

នៅក្នុងប្រសាសន៍សំណេះសំណាល លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរ និងការប្តេជ្ញាចិត្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការខិតខំបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គ្រប់សមាគមសិល្បៈ ព្រមទាំងអ្នកប្រកបអាជីពក្នុងវិស័យនេះទាំងអស់។

លោកជំទាវបានលើកឡើងថា៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ព្រមទាំងបន្តតួនាទីជាអាណាព្យាបាល ផ្តល់យោបល់ តម្រង់ទិស ផ្តល់ជំនួយបច្ចេកទេស និងលើកទឹកចិត្តគ្រប់សកម្មភាពរបស់បងប្អូនសិល្បករទាំងអស់។»

បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងបន្តបំពេញភារកិច្ចក្នុងការណែនាំ កែលម្អចំពោះកំហុសឆ្គងនានាដែលកើតមានឡើងជាយថាតេហេតុ ព្រមទាំងជួយចង្អុលបង្ហាញ និងតម្រង់ទិសអំពីឥរិយាបថដែលសិល្បករគួរប្រកាន់យក ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ កិត្តិយស និងទប់ស្កាត់រាល់ផលប៉ះពាល់ទាំងឡាយណាដែលអវិជ្ជមានមកលើសិល្បៈ វប្បធម៌ និងប្រពៃណីជាតិខ្មែរដ៏រុងរឿង៕

Share.