ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ភាគច្រើនណាស់គឺផ្ដោតតែទៅលើការកែសម្រួលលក្ខន្តិកៈ នីតិវិធី និងល្បឿននៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ប៉ុន្តែមានចំណុចស្នូលមួយដែលត្រូវបានមើលរំលង ឬមិនទាន់ទទួលបានការយកចិត្តទុកដាក់ឱ្យបានប្រាកដប្រជានៅឡើយ នោះគឺ «បរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់» នៅតាមការិយាល័យ និងបរិវេណនៃស្ថាប័នរដ្ឋមួយចំនួន។

ស្ថាប័នរដ្ឋបាលសាធារណៈ គឺជាមុខមាត់របស់ជាតិ និងគួរតែជាគំរូដ៏ល្អបង្អស់ក្នុងសហគមន៍ ប៉ុន្តែជាញឹកញាប់ លេសរឿង «ខ្វះកញ្ចប់ថវិកា ឬគ្មានខ្ទង់ចំណាយ» ត្រូវបានយកមកធ្វើជាខ្នងបង្អែកក្នុងការបណ្តែតបណ្តោយឱ្យកន្លែងធ្វើការខ្វះសោភណភាព។ ការតុបតែងលម្អនៅតាមការិយាល័យ ពេលខ្លះមិនចាំបាច់មានថវិកាច្រើន ដើម្បីទិញគ្រឿងតុបតែង និងវត្ថុដាក់តាំងថ្លៃៗនោះទេ តែយើងគួរក្រឡេកមើលតាមវិធីសាស្ត្ររបស់លោកគ្រូអ្នកគ្រូមត្តេយ្យ ឬបឋមសិក្សា ដែលចេះប្រើប្រាស់គំនិតច្នៃប្រឌិតបែប DIY យកកម្ទេចក្រណាត់ ក្រដាស កំប៉ុង ឬដបទឹកដែលប្រើប្រាស់រួច មកកាត់កាច់បត់ និងផាត់ពណ៌ ឱ្យក្លាយជាវត្ថុដាក់តាំង និងលម្អការិយាល័យយ៉ាងស្រស់ស្អាត និងទាក់ទាញភ្នែក។

ការដោះសាចំពោះបញ្ហាថវិកា ហាក់បីដូចជាមិនទាន់ត្រឹមត្រូវទាក់ទងនឹងតថភាពពិតនោះឡើយ។ ប្រសិនបើខ្វះខាតកញ្ចប់ថវិកាសម្រាប់ជួលភ្នាក់ងារសម្អាតឯកជន វាមិនមែនជាទីបញ្ចប់នៃដំណោះស្រាយនោះទេ ពោលគឺវាអាស្រ័យទៅលើសមត្ថភាពចាត់ចែង និងភាពវៃឆ្លាតរបស់ប្រធានផ្នែក ឬថ្នាក់ដឹកនាំស្ថាប័ននោះផ្ទាល់។ យើងអាចរៀនសូត្រតាម «ក្បាច់សាមញ្ញរបស់ក្មេងៗនៅសាលារដ្ឋ» គឺការរៀបចំជាក្រុមការងារ បែងចែកវេនសម្អាតប្រចាំថ្ងៃ ទាំងនៅក្នុងការិយាល័យ និងបរិវេណជុំវិញអគារ។ បញ្ហាមិនមែនស្ថិតនៅលើលុយកាក់ឡើយ ប៉ុន្តែវាស្ថិតនៅលើផ្នត់គំនិត និងមនសិការរួមរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។

រឿងរ៉ាវខ្លះមើលទៅហាក់បីដូចជាតូចតាច ប៉ុន្តែវាផ្តល់នូវគុណតម្លៃ និងគុណភាពធំធេងដល់ជីវិត ការធ្វើការ និងការរស់នៅ។ បើសិនជាស្ថាប័នមានសួនច្បារ សូមដាំដុះឱ្យមានផ្ការីកស្គុះស្គាយ បើសិនជាមានស្រះទឹក ឬអាងទឹក សូមរៀបចំឱ្យមានត្រីហែលកម្សាន្ត មានឈូក ឬព្រលឹតដុះល្អត្រកាល ហើយបើសិនជាមានដងទង់ជាតិ សូមប្រាកដថាមានទង់ជាតិខ្មែរថ្មីសន្លាងបក់រវិចៗដោយមោទនភាព មិនមែនទុកឱ្យទង់ជាតិមានសភាពចាស់រហែក ឬស្លេកពណ៌នោះឡើយ។
អ្វីដែលមនុស្សប្រើប្រាស់ជាប្រចាំ តែបែរជាមិនសូវមានអ្នកយកចិត្តទុកដាក់នោះគឺ «បន្ទប់ទឹក»។ បើទោះបីជាបន្ទប់ទឹកសម្រាប់សាធារណជន ឬពលរដ្ឋទូទៅប្រើប្រាស់ក៏ដោយ ក៏មិនត្រូវបណ្តោយឱ្យខ្វះការខ្វាយខ្វល់ និងសម្អាតនោះឡើយ។ ប្រសិនបើមានការគិតបែបនោះ សូមផ្លាស់ប្តូរចេញជាបន្ទាន់ ព្រោះអ្នកមកទទួលសេវា ជួនកាលមិនមែនមានតែប្រជាជនខ្មែរយើងទេ តែអាចមានទាំងភ្ញៀវបរទេសរួមដំណើរផងដែរ។ កុំបណ្តោយឱ្យគេវាយតម្លៃទាបលើសមត្ថភាពគ្រប់គ្រងចាត់ចែងរបស់មន្ត្រីយើង ឬមុខមាត់ប្រទេសជាតិយើង ដោយសារតែរឿងខ្វះអនាម័យតូចតាចបែបនេះឡើយ។

ការបំពេញការងារនៅក្នុងបរិយាកាសល្អ មិនត្រឹមតែជួយឱ្យមន្ត្រីមានស្មារតីស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រាលអារម្មណ៍ស្មុគស្មាញរបស់ប្រជាពលរដ្ឋដែលមករង់ចាំសេវាផងដែរ។ ទេសភាពត្រកាល និងខ្យល់អាកាសបរិសុទ្ធ នឹងជួយកាត់បន្ថយភាពតានតឹងនៃការរង់ចាំ ប្តូរមកជាការគយគន់ និងបង្កើតអារម្មណ៍កក់ក្តៅវិញ។

សរុបសេចក្តីមក ការលម្អបរិស្ថាន និងសោភណភាពស្ថាប័នរដ្ឋ មិនមែនជារឿងឥតប្រយោជន៍ ឬជារឿងក្រៅឆាកនោះទេ ប៉ុន្តែវាគឺជាសរសៃឈាមដ៏សំខាន់មួយក្នុងការជំរុញឱ្យប្រព័ន្ធរដ្ឋបាលដើរទៅមុខយ៉ាងរលូន ដូចបណ្តាប្រទេសជឿនលឿននានា។ កាលណាការិយាល័យរដ្ឋមានបរិស្ថានស្អាត វានឹងជួយជំរុញឱ្យស្មារតីការងាររបស់គ្រប់ផ្នែកទាំងអស់រីកចម្រើនទៅមុខយ៉ាងលឿនដូចគ្នា។ ដល់ពេលហើយដែលមន្ត្រីរដ្ឋបាលគ្រប់រូប ត្រូវពង្រឹងស្មារតីម្ចាស់ការ ឈប់បញ្ចាំភារកិច្ច និងរួមគ្នាដាំដុះវប្បធម៌បៃតងនៅក្នុងកន្លែងបំពេញការងាររបស់ខ្លួន ដើម្បីបង្កើតនូវក្តីសង្ឃឹម ទំនុកចិត្ត និងស្នាមញញឹមពិតប្រាកដជូនប្រជាពលរដ្ឋគ្រប់រូប។
«តើយើងចង់បន្តធ្វើការនៅក្នុងការិយាល័យដែលមានសភាពធុញថប់ និងបរិស្ថាន ដោយយកលេសរឿងខ្វះថវិកា ឬក៏ដល់ពេលដែលយើងត្រូវរួមដៃគ្នា សម្អាត និងលម្អទីតាំងការងារនេះឱ្យក្លាយជាគំរូដ៏ថ្លៃថ្នូររបស់ជាតិ?»
អត្ថបទ៖ ទស្សនៈស្មេរ
ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែលម្អសេវាសាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និងសហការផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

