នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមប្រព័ន្ធអនឡាញ ជាពិសេសការបោកប្រាស់តាមរយៈបណ្ដាញសង្គម និងការទិញលក់ទំនិញតាមអ៊ីនធឺណិត។

តាមរយៈសារណែនាំនេះ ប្រជាពលរដ្ឋគួរពិនិត្យភាពត្រឹមត្រូវរបស់ទំព័រគណនី ឬផេក (Page)នោះ មុនពេលធ្វើប្រតិបត្តិការទិញ លក់ ដោយមុនផ្តល់ការទុកចិត្តចំពោះតែគណនីណា ដែលយើងបានពិនិត្យផ្ទៀងផ្ទាត់បានត្រឹមត្រូវ ដូចជា គណនីនោះមានប្រវត្តិប្រតិបត្តិការច្បាស់លាស់ មានអ្នកតាមដាន និងមានការវាយតម្លៃពីអតិថិជនសមស្រប ព្រមទាំងមានព័ត៌មានទំនាក់ទំនងច្បាស់លាស់។

ផ្ទុយទៅវិញ ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះទំព័រគណនី ឬផេកណាដែលទើបបង្កើតថ្មី មានព័ត៌មានមិនច្បាស់លាស់ ឬមានសញ្ញាគួរឱ្យសង្ស័យ និងមិនគួរជឿទុកចិត្តលើទំព័រដោយសារតែមានអ្នកតាមដានច្រើនតែមួយមុខនោះទេ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគួរជ្រើសរើសការទិញទំនិញតាមរយៈការបង់ប្រាក់ពេលទទួលបានទំនិញ តាមរយៈ(Cash on Delivery) ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆបោក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍ និងប្លុក (Block) គណនី ឬទំព័រផេកណា ដែលមានសកម្មភាពគួរឱ្យសង្ស័យ ដើម្បីជៀសវាងការរងគ្រោះដោយសារការឆបោកតាមអនឡាញ។ សម្រាប់ព័ត៌មាន ឬការរាយការណ៍ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ប្រជាពលរដ្ឋអាចទាក់ទងតាមលេខ ០២៣ ៧២៦ ៨២២។

អត្ថបទ៖ កណ្តាល

Share.