ពោធិ៍សាត់៖ អាំជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងទឹកជំនន់ ដើម្បីប្រមូលផ្ទៀងផ្ទាត់ទិន្នន័យខូចខាត និងរៀបចំផែនការអន្តរាគមន៍ ផ្តល់ស្បៀងអាហារ និងពូជដំណាំជូនគ្រួសាររងគ្រោះឱ្យបានទាន់ពេលវេលា។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំផ្តោតលើការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែងពីទំហំនៃការខូចខាតតាមបណ្តាក្រុង-ស្រុក ដើម្បីកំណត់វិធានការជួយសង្គ្រោះបន្ទាន់ និងស្តារជីវភាពប្រជាពលរដ្ឋក្រោយគ្រោះមហន្តរាយ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានពិភាក្សាពីការត្រៀមលក្ខណៈឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះរាំងស្ងួតដែលអាចកើតមាននាពេលខាងមុខ។ តាមទិន្នន័យដែលបានបង្ហាញក្នុងកិច្ចប្រជុំ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ឃុំចំនួន ៤០ ក្នុងក្រុង-ស្រុកចំនួន ៦ ស្មើនឹង ៣៧.៨១៥គ្រួសារ លើផ្ទៃដីសរុបប្រមាណ ៧៣.៣៨៧ហិកតា។ ក្នុងនោះ ផ្ទៃដីខូចខាតមានចំនួន ២២.៦១៩ហិកតា ប៉ះពាល់ដល់គ្រួសារចំនួន ១០.៩៦៣គ្រួសារ។

ដោយឡែក គ្រោះទឹកជំនន់បានប៉ះពាល់ដល់ឃុំ-សង្កាត់ចំនួន ២១ ក្នុងក្រុង-ស្រុកចំនួន ៥ និងបង្កផលប៉ះពាល់ដល់ដំណាំស្រូវលើផ្ទៃដីចំនួន ៣.៥០១ហិកតា ក្នុងឃុំ-សង្កាត់ចំនួន ១៩ ស្មើនឹង ២.៤៣៥គ្រួសារ។ ស្រុកបាកាន និងស្រុកក្រគរ ជាតំបន់ដែលរងផលប៉ះពាល់ និងការខូចខាតធ្ងន់ធ្ងរជាងគេ។

ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ហេងហួត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានចុះអន្តរាគមន៍ និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការប្រមូលទិន្នន័យ និងវាយតម្លៃការខូចខាតនេះ គឺជាជំហានសំខាន់សម្រាប់រៀបចំជំនួយឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់គ្រួសាររងគ្រោះ ជាពិសេសការផ្គត់ផ្គង់ស្បៀងអាហារបម្រុង និងពូជដំណាំ ដើម្បីជួយស្តារជីវភាព និងការផលិតកសិកម្មឡើងវិញក្រោយគ្រោះមហន្តរាយ៕

អត្ថបទ៖ពោធិ៍សាត់

Share.