បាត់ដំបង៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងសរុបចំនួន ១,៣២៤គ្រួសារ នៅក្នុងខេត្តបាត់ដំបង បានទទួលអំណោយស្បៀងអាហារពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងក្រុងបាត់ដំបង ដែលកំពុងជួបការលំបាកដោយសារជីវភាពខ្វះខាត និងផលប៉ះពាល់ពីទឹកជំនន់។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ជាពិសេសប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ។

ទន្ទឹមនឹងការផ្តល់ជំនួយ អភិបាលខេត្តក៏បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់លើសុខភាព និងអនាម័យ ជាពិសេសការថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ដោយត្រូវហូបស្អាត ផឹកទឹកស្អាត ឬទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអសិរពិស គ្រោះថ្នាក់លង់ទឹក ព្រមទាំងជំងឺគ្រុនឈាមដែលអាចកើតមានក្នុងអំឡុងពេលមានទឹកជំនន់។

ការផ្តល់អំណោយដល់ប្រជាពលរដ្ឋទាំង ១,៣២៤គ្រួសារនេះ គឺជាការឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់គ្រួសារដែលកំពុងជួបការលំបាក ដើម្បីជួយសម្រាលបន្ទុកជីវភាព និងជួយឱ្យពួកគាត់អាចឆ្លងកាត់ស្ថានភាពលំបាកក្នុងអំឡុងពេលរងផលប៉ះពាល់ដោយទឹកជំនន់បាន៕

អត្ថបទ៖ដំបងក្រញូង

