
ភ្នំពេញ៖ ផលិតកម្មអិលឌី (LD Entertainment) បានផលិតខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្ររឿង «សោកនាដកម្មភ្នំខ្មោច» (Blood Border: Cambodia’s 2nd Killing Fields) ដែលជាសោកនាដកម្មរបស់រាស្ត្រខ្មែរអំឡុងទសវត្សរ៍ ១៩៧០-១៩៨០ ដោយផ្អែកលើដំណើរជីវិតពិតរបស់លោក គួច ម៉េងលី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបច្ចុប្បន្នមានគោរមងារជាអ្នកឧកញ៉ា។ ខ្សែភាពយន្តនេះត្រូវបានដកស្រង់ចេញពីសៀវភៅ «ភ្នំដងរែកទីពុំអាចភ្លេច» ដែលបរិយាយពីដំណើរជីវិតនៅលើភ្នំដងរែក និងទុក្ខវេទនាដែលបង្កឡើងដោយទាហានប៉ារ៉ាថៃ។
ក្រោយពេលភាពយន្តនេះផលិតរួចរាល់ និងត្រៀមដាក់ចាក់បញ្ចាំង លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD និងជាអ្នកដឹកនាំរឿង បានបង្ហាញនូវបំណងប្រាថ្នាដ៏ធំមួយដោយទទូចចង់យកភាពយន្តប្រវត្តិសាស្ត្រនេះជូនថ្នាក់ដឹកនាំជាន់ខ្ពស់ទស្សនា។ លោកបានបង្ហោះសារយ៉ាងដូច្នេះថា៖ គោលបំណងដែលលោកបានផលិតខ្សែភាពយន្តប្រវត្តិសាស្ត្រនេះឡើង គឺដើម្បីចងក្រងទុកជាប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយដល់កូនខ្មែរយុវជនជំនាន់ក្រោយឱ្យបានដឹងពីប្រវត្តិសាស្ត្រមួយនេះ។

លោក លៀក លីដា បានបញ្ជាក់បន្ថែមក្នុងសារនោះថា៖ «បំណងប្រាថ្នាធំមួយទៀតរបស់ខ្ញុំ គឺខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសបាននាំយកខ្សែភាពយន្តប្រវត្តិសាស្ត្រមួយនេះ ជូនសម្ដេចពុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទស្សនា។ ខ្ញុំបាទសង្ឃឹមថាលោកទាំងពីរនឹងផ្ដល់ឱកាស អនុញ្ញាតឱ្យខ្ញុំបាននាំយកខ្សែភាពយន្តប្រវត្តិសាស្រ្តមួយនេះបានចាក់បញ្ចាំងជូនលោកទាំងពីរទស្សនា!»។
បើយោងតាមខ្លឹមសារនៃភាពយន្តឯកសារប្រវត្តិសាស្ត្រនេះ បានរំលឹកពីដំណើរជនភៀសខ្លួនកម្ពុជារត់គេចពីសោកនាដកម្មក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៩ រហូតដល់ជំរំបណ្តោះអាសន្ននៅជាយដែនកម្ពុជា-ថៃ មុននឹងត្រូវក្រុមទាហានប៉ារ៉ាថៃដឹកជញ្ជូនទៅទម្លាក់ និងបង្ខំឱ្យដើរកាត់ចម្ការមីនជ្រោះមរណៈនៅជួរភ្នំដងរែក ដែលធ្វើឱ្យជនភៀសខ្លួនប្រមាណ ៣ម៉ឺននាក់បាត់បង់ជីវិត និងជាង ២ម៉ឺននាក់ទៀតបាត់ខ្លួន ព្រមទាំងបន្សល់ទុកនូវវិបត្តិផ្លូវចិត្តដល់ជនរងគ្រោះជាច្រើន។
សូមជម្រាបថា ភាពយន្តនេះក៏បានឆ្លុះបញ្ចាំងពីបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការឈឺចាប់របស់ប្រជាពលរដ្ឋស៊ីវិលខ្មែរ ដែលទាមទារឱ្យមានការចងចាំ និងឈ្វេងយល់ពីប្រវត្តិសាស្ត្រជាតិពិតប្រាកដផងដែរ៕

