បាងកក៖ គិតត្រឹមរសៀលថ្ងៃទី១៦ ខែតុលា នេះ ភាពតានតឹងនៅបន្ដផ្ទុះឡើងនៅតាមដងផ្លូវនៃទីក្រុងបាងកក មិនទាន់ស្ងប់នៅឡើយ បន្ទាប់ពីក្រុមប្រជាកសិករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit។ ការវិលត្រឡប់មកវិញនៃប្រអប់ទូរកុងតឺន័រដឹកទំនិញ ត្រូវបានអាជ្ញាធរថៃយកមកប្រើប្រាស់ជារបាំងការពារផ្លូវសាធារណៈម្តងទៀត ដើម្បីបិទមិនឱ្យក្រុមអ្នកតវ៉ាធ្វើដំណើរចូលទៅជិតទីតាំងប្រជុំរបស់ស្ថាប័នហិរញ្ញវត្ថុសកលទាំង២ឡើយ។

យុទ្ធសាស្ត្រប្រើប្រាស់ «កំផែងកុងតឺន័រ» នេះ មានដើមកំណើតតាំងពីអំឡុងរលកបាតុកម្មទាមទារប្រជាធិបតេយ្យដឹកនាំដោយក្រុមយុវជនក្នុងឆ្នាំ២០២០ មកម៉្លេះ ហើយវាមិនត្រឹមតែត្រូវគេយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ការតវ៉ានៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរដ្ឋាភិបាល និងកងកម្លាំងថៃយកទៅប្រើប្រាស់ជាយុទ្ធសាស្ត្រយោធា នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះផងដែរ។ សកម្មភាពទាំងអស់នេះ គឺជាភស្ដុតាងយ៉ាងច្បាស់ដែលឆ្លុះបញ្ចាំងពីទម្លាប់ប្រើប្រាស់កម្លាំងបារ៉ាសរឹងមាំ ដើម្បីគ្រប់គ្រងស្ថានការណ៍ បិទបាំងបញ្ហា និងគេចវេះពីការប្រឈមមុខនឹងការពិតរបស់អាជ្ញាធរថៃ។

ក្រុមបាតុករដែលរួមមានទាំងកសិករ និងប្រជាពលរដ្ឋ បានចេញមុខប្រកាសតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា ជាប្រព័ន្ធកាប់ស៊ីនិយមបំផ្លិចផ្លាញ ដោយបានចោទប្រកាន់ថា គោលនយោបាយសេដ្ឋកិច្ចសកល និងការគ្រប់គ្រងរបស់រដ្ឋាភិបាល បានបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនក្រក្សត់។ បច្ចុប្បន្ន ប្រជាពលរដ្ឋថៃកំពុងប្រឈមមុខនឹងគ្រោះអាសន្ននៃបំណុលវ័ណ្ឌក ខណៈដែលវិសមភាពសេដ្ឋកិច្ចកាន់តែរីករាលដាលខ្លាំងឡើងៗ រហូតធ្វើឱ្យប្រទេសថៃ ក្លាយជាប្រទេសមួយដែលមានគម្លាតប្រាក់ចំណូលខុសគ្នាយ៉ាងខ្លាំង ក្រោមការឃ្លាំមើលរបស់ធនាគារពិភពលោកផ្ទាល់។ បន្ថែមពីលើនេះ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ក៏កំពុងបំផ្លិចបំផ្លាញផលដំណាំ និងជីវភាពរបស់កសិករយ៉ាងធ្ងន់ធ្ងរ ដោយគ្មានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពពីសំណាក់អ្នកមានអំណាចសកលទាំងនោះឡើយ។

ការប្រមូលផ្តុំគ្នានៅតំបន់ផ្លូវបំបែក Klong Toei បានឈានដល់ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងនគរបាលបង្ក្រាបបាតុកម្ម មុនពេលឈានដល់ការចរចា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏បានដាក់ចេញនូវវិធានការហាមឃាត់ការបង្ហោះដ្រូន និងការបិទដងផ្លូវមួយចំនួន ដែលធ្វើឱ្យសាធារណជន និងអ្នករិះគន់មើលឃើញថា គឺជារូបភាពនៃការផ្ដាច់ខ្លួនរបស់រដ្ឋាភិបាលចេញពីទុក្ខលំបាកពិតប្រាកដរបស់ប្រជាជនខ្លួនឯង ដើម្បីការពារមុខមាត់ថ្នាក់ដឹកនាំអន្តរជាតិ និងឥស្សរជនហិរញ្ញវត្ថុដែលមកចូលរួមកិច្ចប្រជុំ។

មែនទែនទៅ ការយកទូរកុងតឺន័រមកបិទផ្លូវក្នុងទីក្រុងបាងកក លើកនេះ មិនត្រឹមតែជាឧបករណ៍ការពារសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជានិមិត្តរូបនៃកំហឹងសាធារណៈដែលបង្ហាញថា ភាពរុងរឿងសេដ្ឋកិច្ចដែលគេលើកឡើងក្នុងតុប្រជុំអន្តរជាតិ គឺផ្ទុយស្រឡះពីការពិត និងការឈឺចាប់របស់កសិករ ក៏ដូចជាប្រជាជនក្រីក្រថៃនៅតាមមូលដ្ឋាន៕

ប្រភព៖ Khaosod English

Share.