ក្នុងកិច្ចប្រជុំកំពូលសន្តិសីទអន្តរសកម្មភាព និងវិធានការកសាង​ទំនុកចិត្ត​នៅអាស៊ីលើកទី៧ រៀបចំឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ​ ​គួរតែត្រូវ​បានអនុវត្តដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យជាតិ, ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការ​សហប្រជា​ជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញ​ទៅ​មក ជាជាង​ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។

សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA គឺជាវេទិកាអន្តររដ្ឋា​ភិបាល​មួយ​ដែល​បង្កើត​ឡើង​​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើមី្បលើកកម្ពស់សន្តិភាព សន្តិ​សុខ និងស្ថិរភាពនៅក្នុង​តំបន់​អាស៊ី។ អង្គការតំបន់មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ មានរដ្ឋជា​សមា​ជិកចំនួន២៨រួមមាន៖ អាស៊ែបៃហ្សង់ អាហ្វហ្គានីស្ថាន បារ៉ែន បង់ក្លាដែស កម្ពុជា ចិន អេហ្ស៊ីប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី កាហ្សាក់ស្ថាន គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ប៉ាឡេស្ទីន កាតា កូរ៉េខាងត្បូង រុស្ស៊ី ស្រីលង្កា តាជីគីស្ថាន ថៃ តួកគី អារ៉ាប់រួម អេមីរ៉ាត អ៊ូសបេគី​ស្ថាន វៀតណាម និងឡាវ។

ប្រទេសបេឡារុស ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត តូមិននីស្ថាន អ៊ុយក្រែន និង​សហរដ្ឋអាមេរិក គឺជារដ្ឋសង្កេតការណ៍របស់អង្គការ។

សន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ីលើកទី៧នាឆ្នាំ២០២៦នេះ ត្រូវបានធ្វើឡើងក្រោមមូលបទក្រោម​មូល​បទ «ពង្រឹងសន្និសីទស្តីពីអន្តរសកម្មភាព និង​វិធានការកសាងទំនុកចិត្តនៅអាស៊ី៖ ការតភ្ជាប់ ការធ្វើឌីជីថលូ​ប​នីយកម្ម និងកំណើន​ប្រកប​ដោយចីរភាពនៅអាស៊ី»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា CICA គួរតែពង្រឹង​កិច្ច​សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចបានកត់សម្គាល់ថា ក្នុងពិភពលោក​ដែលកាន់តែមានភាពរីកចម្រើន​ផ្នែក​ឌីជីថលឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន​ពាក់ព័ន្ធ​ផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយសកម្មភាព​របស់​ប្រទេសណាមួយ តែឯកឯងបាន​ឡើយ។ ដូច្នេះកម្ពុជាគាំទ្រដល់ការបង្កើនការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់, ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខ​តាមប្រព័ន្ធ​បច្ចេក​វិទ្យា៕

អត្ថបទ៖ត្រយង

Share.