កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន ១១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអាវុធហត្ថស្រុករលាប្អៀរ ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន ដោយដកហូតបានម៉ូតូចំនួន ៧គ្រឿង ទូរសព្ទដៃ ២០គ្រឿង និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ស្រុីម ស៊ាងភាជ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងបើកការស្រាវជ្រាវ។

តាមព័ត៌មានពីសមត្ថកិច្ច ជនសង្ស័យទាំង ១១នាក់ មានមុខសញ្ញាពាក់ព័ន្ធនឹងការលួច និងទទួលផលចោរកម្ម ក្នុងនោះមានអ្នកដែលត្រូវបានសង្ស័យថាជាអ្នកលួចម៉ូតូ និងទូរសព្ទដៃ ព្រមទាំងអ្នកទទួលផលចោរកម្ម។ ជនសង្ស័យមានទីលំនៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូតូ ៧គ្រឿង ទូរសព្ទដៃ ២០គ្រឿង ពូថៅ ១ដើម ដាវ ១ដើម កាំបិតកាកុក ១ដើម កាំភ្លើងខ្យល់ ២ដើម ស្លាកលេខម៉ូតូ ៣ស្លាក រណាអារឈើ ១ដើម កន្ត្រកម៉ូតូ ១ កាំម៉ូតូ ៤ និងសម្ភារមួយចំនួនទៀត។

ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតប៉ុស្តិ៍ផ្សារដែក ១គ្រឿង ម៉ូទ័របូមទឹក ១គ្រឿង ម៉ូទ័រស្វាន ១គ្រឿង កុំព្យូទ័រខូច ២គ្រឿង ប្រដាប់ចាក់តន្ត្រី ១គ្រឿង ខ្នោះដៃ ១គូ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន និងគ្រាប់កាំភ្លើងខ្លីចំនួន ២គ្រាប់ ម៉ាក K54 និង K59 ផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

Share.