យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៦ (2026 Trafficking in Persons Report) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសថៃនៅតែបន្តស្ថិតក្នុង ថ្នាក់ទី ២ (Tier 2) ដដែល ដោយសារតែរដ្ឋាភិបាលថៃមិនទាន់បានបំពេញតាមស្តង់ដារអប្បបរមាពេញលេញសម្រាប់ការលុបបំបាត់ការជួញដូរមនុស្ស ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងខ្លះក៏ដោយ។

នៅក្នុងរបាយការណ៍ផ្លូវការមួយនេះបានចង្អុលបង្ហាញយ៉ាងច្បាស់ថា “អំពើពុករលួយ និងការចូលរួមរបស់មន្ត្រីថៃក្នុងបទល្មើសជួញដូរមនុស្ស នៅតែជាកង្វល់សំខាន់ ដែលរារាំងសកម្មភាពអនុវត្តច្បាប់” ជាពិសេសនៅតាមព្រំដែនជាប់ប្រទេសជិតខាង។ ករណីគួរឱ្យកត់សម្គាល់គឺការចោទប្រកាន់មន្ត្រីអន្តោប្រវេសន៍ ១០៧ នាក់ ពីបទចេញទិដ្ឋាការខុសច្បាប់ឱ្យជនជាតិចិន ដែលអាចពាក់ព័ន្ធនឹងប្រតិបត្តិការក្លែងបន្លំតាមអនឡាញ ដែលរបាយការណ៍ចាត់ទុកថា “នៅតែស្ថិតក្នុងការពិចារណា” របស់គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ គិតត្រឹមចុងឆ្នាំ ២០២៥។ នេះបង្ហាញពីភាពយឺតយ៉ាវនៃដំណើរការយុត្តិធម៌ ទោះបីជាមានការកើនឡើងនៃការស៊ើបអង្កេតលើមន្ត្រីក៏ដោយ។

ចំណុចដែលរិះគន់ខ្លាំងបំផុតមួយ គឺប្រព័ន្ធកំណត់អត្តសញ្ញាណជនរងគ្រោះ។ របាយការណ៍បានរកឃើញថា “ការអនុវត្តសម្ភាសន៍មិនស៊ីសង្វាក់គ្នា” បានទុកជនរងគ្រោះជាច្រើនដោយមិនបានកំណត់អត្តសញ្ញាណ ជាពិសេសអ្នកដែលរងគ្រោះពីការងារបង្ខិតបង្ខំ និងឧក្រិដ្ឋកម្មបង្ខំ។ អង្គការមិនមែនរដ្ឋាភិបាលបានរាយការណ៍ថា “មន្ត្រីពិនិត្យការងារមិនយល់ថាតួនាទីរបស់ពួកគេរួមបញ្ចូលការកំណត់អត្តសញ្ញាណជនរងគ្រោះ” ហើយមន្ត្រីជាច្រើន “ទាមទារសញ្ញានៃការប្រើកម្លាំងរាងកាយ និងការឃុំឃាំងដែលមិនអាចយកឈ្នះបាន” ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលជាស្តង់ដារខ្ពស់ពេក និងមិនសមស្របនឹងការពិតនៃការជួញដូរកម្លាំងពលកម្មសម័យទំនើប។

ជាងនេះទៅទៀត របាយការណ៍បានលាតត្រដាងថា រដ្ឋាភិបាលថៃ បានផ្អាកការប្រើប្រាស់យន្តការបង្ហាញជនរងគ្រោះ (NRM) នៅតាមព្រំដែនភាគខាងជើងចាប់តាំងពីដើមឆ្នាំ ២០២៥ ដល់ចុងខែឧសភា ដោយសារការដោះលែងកម្មករបរទេសរាប់ពាន់នាក់ចេញពីមជ្ឈមណ្ឌលក្លែងបន្លំនៅភូមា។ ជំនួសវិញ មន្ត្រីថៃបានប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ការធ្វើមាតុភូមិនិវត្តន៍រហ័ស ដែល “ស្ថានទូតបរទេសជាអ្នកកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយមានការចូលរួមតិចតួចពីមន្ត្រីថៃ”។ លទ្ធផលគឺការកំណត់អត្តសញ្ញាណមិនពេញលេញ សេវាមានកំណត់ ហើយឱកាសប្រមូលភស្តុតាងដើម្បីស៊ើបអង្កេតមេខាមជ្ឈមណ្ឌលក្លែងបន្លំត្រូវបានបាត់បង់។

មួយទៀតសោត របាយការណ៍បានលាតត្រដាងពីការចាត់ចែង ច្បាប់ជលផលឆ្នាំ ២០២៥ ដែលរបាយការណ៍បានចោទថា “បានលុបចោលការការពារបន្ថែមមួយចំនួនសម្រាប់កម្មករក្នុងឧស្សាហកម្មនេសាទ និងការកែច្បាប់ជលផល” រួមទាំងការលុបបំបាត់ការហាមឃាត់ការផ្ទេរការចាប់នៅសមុទ្រ និងការដកការផ្អាកប្រតិបត្តិការស្វ័យប្រវត្តិរបស់ក្រុមហ៊ុនចំពោះការបំពានកម្លាំងពលកម្មកុមារ និងការងារបង្ខិតបង្ខំ។ ការថយក្រោយនេះ ធ្វើឱ្យកម្មករនេសាទកាន់តែងាយរងគ្រោះថែមទៀត។

សូមជម្រាបថា របាយការណ៍របស់ក្រសួងការបរទេសរបស់អាមេរិក TIP ២០២៦ នេះបានបង្ហាញរូបភាពច្បាស់លាស់ថា ប្រទេសថៃបានធ្វើវឌ្ឍនភាពខ្លះៗ ដូចជាការបង្កើនថវិកា និងការបង្កើតមជ្ឈមណ្ឌលប្រឆាំងការក្លែងបន្លំឆ្លងដែន ប៉ុន្តែបញ្ហារចនាសម្ព័ន្ធអំពើពុករលួយមន្ត្រី ការខ្វះសមត្ថភាពកំណត់អត្តសញ្ញាណជនរងគ្រោះ គោលនយោបាយជម្រកដែលរារាំងការសហការ និងការថយក្រោយនៃការការពារកម្មករនេសាទនៅតែធ្ងន់ធ្ងរ។ ដូចនេះបើរដ្ឋាភិបាលថៃនៅតែបន្តសកម្មភាពដដែលនេះវាមិនមែនស្ថានភាពល្អប្រសើរនោះទេ ប៉ុន្តែជាការព្រមានថា បើគ្មានកំណែទម្រង់ពិតប្រាកដ ប្រទេសថៃអាចនឹងធ្លាក់កម្រិតកាន់តែអាក្រក់នៅឆ្នាំបន្ទាប់។

គួរដឹងថា ការរក្សាបានត្រឹមចំណាត់ថ្នាក់ទី ២ នេះ គឺជាភស្តុតាងយ៉ាងច្បាស់បង្ហាញថា ប្រព័ន្ធគ្រប់គ្រង និងការអនុវត្តច្បាប់របស់ថៃនៅតែមានចន្លោះប្រហោងធំៗ ដែលទាមទារឱ្យសហគមន៍អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធបន្តតាមដានយ៉ាងដិតដល់ចំពោះភាពស្មោះត្រង់របស់ភាគីថៃក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សជាសកល៕

Share.