ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយអាជ្ញាធរខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ LA CHRONIQUE ស្ថិតនៅផ្លូវលេខ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីស្វែងរក និងបង្ការសកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ លី យូម៉េង អធិការរងទទួលការងារផែនអន្តោប្រវេសន៍ ដោយមានការចូលរួមពីកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមលទ្ធផលនៃការត្រួតពិនិត្យ ផ្ទះសំណាក់ខាងលើមានកម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ និងមានមនុស្សស្នាក់នៅសរុបចំនួន ១១នាក់ ក្នុងនោះស្ត្រី ៨នាក់ មកពី ៦សញ្ជាតិ រួមមាន ជនជាតិចិនតៃវ៉ាន់ ១នាក់ ជនជាតិកូរ៉េខាងត្បូង ៣នាក់ ជនជាតិនូវែលសេឡង់ ៣នាក់ ជនជាតិអ៊ីតាលី ១នាក់ ជនជាតិអង់គ្លេស ១នាក់ និងជនជាតិខ្មែរ ២នាក់។
ចំពោះជនបរទេសដែលកំពុងស្នាក់នៅទីតាំងនេះ ត្រូវបានរាយការណ៍ថា មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។ ជាមួយគ្នានេះ កម្លាំងជំនាញបានរកឃើញគណនីប្រព័ន្ធគ្រប់គ្រងព័ត៌មានស្នាក់នៅជនបរទេស (FPCS) ចំនួន ១គណនី ដែលត្រូវរក្សាទុក ខណៈមិនមានគណនីស្ទួន គណនីត្រូវលុប ឬត្រូវកែតម្រូវនោះទេ។

ជាលទ្ធផល សមត្ថកិច្ចមិនបានរកឃើញមនុស្ស ឬសម្ភារពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀតនៅទីតាំងខាងលើឡើយ។ ការចុះត្រួតពិនិត្យនេះជាផ្នែកមួយនៃវិធានការរដ្ឋបាល និងការពង្រឹងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងធានាការគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសឱ្យបានត្រឹមត្រូវតាមច្បាប់។


