មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសពីលទ្ធផលនៃការកៀរគរថវិកា និងសកម្មភាពមនុស្សធម៌ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដោយទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៤ ៨២៧ ៩៦៥ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ៤៨ ៣៧៦ រូប តាមរយៈការបរិច្ចាគផ្ទាល់ និងការចូលរួមនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ក្នុងរយៈពេលដូចគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៣ ៥៦៦ ៨៨៣ ដុល្លារអាម៉េរិក ដើម្បីពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះបានចំនួន ៤៦១ ៨៤៨ ករណី ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងនោះ រួមមានការពិគ្រោះជំងឺក្រៅចំនួន ៣០៥ ១៨៦ ករណី, ការដាក់ឱ្យសម្រាកព្យាបាលជំងឺធ្ងន់ចំនួន ៨៣ ៦១៤ ករណី, ការព្យាបាលជំងឺគ្រុនឈាមចំនួន ២៥ ៤៦០ ករណី, ការវះកាត់ទូទៅចំនួន ១០ ៤៣២ ករណី, ការវះកាត់ និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី ព្រមទាំងការតាមដានផ្ទៃពោះចំនួន ៣១ ០៦៤ ករណី និងការសម្រាលកូនបានចំនួន ៥ ៧៧៣ នាក់។
តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងសកម្ម។ ការបរិច្ចាគទាំងនេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធានានូវនិរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយសមធម៌ និងគ្មានការរើសអើង។
គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរអំណោយ និងវិភាគទានពីប្រភពស្របច្បាប់នានា ដើម្បីទ្រទ្រង់បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា និងស្តែងចេញនូវស្មារតីសាមគ្គីភាព «ខ្មែរជួយខ្មែរ» ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ និងមាតានៅកម្ពុជា៕

