
យោងតាមការផ្សាយរបស់សារព័ត៌មាន thevibes.com របស់ប្រទេសម៉ាឡេស៊ី បានចេញផ្សាយនៅថ្ងៃទិ ២១ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា កំណើននៃការគំរាមកំហែងពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ស្កេម) និងការចាប់ជំរិតមនុស្ស បាននិងកំពុងផ្លាស់ប្តូរមុខមាត់នៃការព្រួយបារម្ភអំពីសុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ប្រទេសថៃបានក្លាយជា «ច្រកទ្វារ និងជាចំណុចឆ្លងកាត់ដ៏សំខាន់» សម្រាប់បណ្តាញឧក្រិដ្ឋជនក្នុងការដឹកជញ្ជូនជនរងគ្រោះទៅកាន់ទីតាំងឆបោកក្នុងប្រទេសជិតខាង។
ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់វិធីសាស្ត្រល្បួងជនរងគ្រោះ ដែលភាគច្រើនជាជនជាតិចិន និងមនុស្សមកពីច្រើនជាតិសាសន៍ផ្សេងទៀត ដោយសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ការអញ្ជើញឱ្យចុះពិនិត្យអាជីវកម្ម ការវិនិយោគ ឬគម្រោងថតភាពយន្តជាដើម។ នៅពេលជនរងគ្រោះធ្វើដំណើរមកដល់ប្រទេសថៃ ជាពិសេសទីក្រុងបាងកក ពួកគេត្រូវបានក្រុមឧក្រិដ្ឋជនចាប់ឃាត់ខ្លួន បង្ខិតបង្ខំ និងជួញដូរឆ្លងដែន តាមច្រកព្រំដែនថៃ-មីយ៉ាន់ម៉ា ចូលទៅកាន់ជំរុំឧក្រិដ្ឋកម្មស្កេម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធ។
នៅក្នុងជំរុំស្កេមទាំងនោះ ជនរងគ្រោះត្រូវបង្ខំឱ្យធ្វើសកម្មភាពឆបោកតាមអនឡាញគ្រប់ទម្រង់ ដូចជា ឆបោកស្នេហា គម្រោងវិនិយោគក្លែងក្លាយ និងការបោកប្រាស់ផ្សេងៗទៀត។ ជនរងគ្រោះត្រូវបានដកហូតលិខិតឆ្លងដែន រងការគំរាមកំហែង វាយដំ និងបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់ ដើម្បីបង្កើតចំណូលរាប់ពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជនជារៀងរាល់ឆ្នាំ។

កាលពីប៉ុន្មានខែមុនដែលកម្ពុជាបានធ្វើយុទ្ធនាការបោសសម្អាតស្កេមនៅក្នុងប្រទេស ដោយបានបង្ក្រាបនិងបិទទីតាំងជាច្រើនកន្លែង ក្រុមឧក្រិដ្ឋជនបានរើទីតាំង ឬពង្រីកខ្លួនទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា តំបន់សេដ្ឋកិច្ចពិសេសនៅឡាវ- ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ក្នុងនោះ ប្រទេសថៃបានក្លាយជា «ច្រកទ្វារសំខាន់» ដោយសារតែមានព្រលានយន្តហោះអន្តរជាតិ ភាពធូរលុងនៃការអនុវត្តច្បាប់ និងព្រំដែនដែលមានប្រហោងងាយស្រួលឆ្លងកាត់។
បាតុភូតនេះបានបង្កឱ្យមានករណីចាប់ជំរិតគួរឱ្យព្រួយបារម្ភជាច្រើនដូចជា ការរកឃើញបុរសជនជាតិចិន ៣នាក់ ត្រូវគេចងដៃ និងបិទភ្នែក នៅក្នុងរថយន្តភីកអាប់ ក្បែរព្រំដែនមីយ៉ាន់ម៉ា ក្នុងខេត្តតាក (Tak)។
ការរកឃើញករណីអ្នកថតរូបជនជាតិចិនម្នាក់បានបាត់ខ្លួន បន្ទាប់ពីការថតរូបនៅបាងកក ជាមួយនឹងការទារប្រាក់លស់។ រួមទាំងករណីការចាប់ជំរិតអ្នកសម្តែង និង Influencer ជាច្រើននាក់ជាដើម។
ការគំរាមកំហែងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរ។ នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញការព្រមានធ្វើដំណើរជាថ្មីដល់ពលរដ្ឋខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះការផ្តល់ការងារប្រាក់ខែខ្ពស់ និងជៀសវាងការធ្វើដំណើរទៅជិតតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។

ផលវិបាកនេះបានធ្វើឱ្យចំនួនភ្ញៀវទេសចរចិនធ្វើដំណើរមកកម្សាន្តនៅថៃធ្លាក់ចុះយ៉ាងគំហុក (លើសពី ៣០% ក្នុងកំឡុងពេលខ្លះ) ដោយពួកគេបានបង្វែរទិសដៅទៅកាន់ប្រទេសផ្សេងៗដែលសុវត្ថិភាពជាង ដូចជាវៀតណាមជាដើម។ ទេសចរកូរ៉េខាងត្បូងក៏មានការថយចុះដូចគ្នា ដែលធ្វើឱ្យចំណូលពីវិស័យទេសចរណ៍ថៃធ្លាក់ចុះ។ រីឯកម្ពុជាក៏រងផលប៉ះពាល់ដោយថយចុះនៃភ្ញៀវទេសចរមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ដោយសារតែរូបភាពអវិជ្ជមាននៃបទល្មើសស្កេមនេះ។
ទោះបីជារដ្ឋាភិបាលក្នុងតំបន់ ដូចជាប៉ូលិសថៃ អាជ្ញាធរម៉ាឡេស៊ី និងស្ថានទូតចិន បានសហការគ្នាចុះបង្រ្កាប រំដោះជនរងគ្រោះ និងចាប់ខ្លួនជនល្មើសជាបន្តបន្ទាប់ក៏ដោយ ក៏បញ្ហានេះនៅតែបន្តកើតមាន ដោយសារខ្វះការគ្រប់គ្រងនៅតំបន់ព្រំដែន និងកម្សាយទប់ស្កាត់បច្ចេកវិទ្យាទំនើបដូចជាឧបករណ៍ AI និង Deepfake របស់ក្រុមឧក្រិដ្ឋជន។
អាជ្ញាធរតំបន់បានក្រើនរំលឹកដល់អ្នកធ្វើដំណើរ និងអ្នកស្វែងរកការងារធ្វើទាំងអស់ ឱ្យផ្ទៀងផ្ទាត់ការផ្តល់ឱកាសការងារឱ្យបានច្បាស់លាស់តាមច្រកផ្លូវការ រក្សាការទាក់ទងជាមួយគ្រួសារ ជៀសវាងការទទួលការអញ្ជើញដែលសន្យាផ្តល់ផលប្រយោជន៍ខ្ពស់ខុសធម្មតា និងចៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែន ប្រសិនបើគ្មានការចាំបាច់៕

