
យោងតាមការផ្សាយរបស់ casino.org នៅថ្ងៃទី ១៩ តុលា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ប៉ូលីសកូរ៉េខាងត្បូងបានបំបែកសំណុំរឿងក្តីដ៏ធំបំផុតមួយមិនធ្លាប់មាន ដោយបានបង្ក្រាបបណ្តាញល្បែងស៊ីសងអនឡាញខុសច្បាប់ដ៏ធំសម្បើមមួយ ដែលមានទឹកប្រាក់ភ្នាល់សរុបប្រមាណ ២៣ ទី្រលានវ៉ុន ឬប្រហែលនឹង ១៧.២ ប៊ីលានដុល្លារអាមេរិក ដោយបានគ្របដណ្តប់លើគេហទំព័រកាស៊ីណូអនឡាញរហូតដល់ ១៨៨ វេបសាយ។
ស្នងការដ្ឋាននគរបាលខេត្តឆុងណាំ បានប្រកាសនៅថ្ងៃទី១៩ ខែតុលា ថា ប៉ូលិសតំបន់បានឃាត់ខ្លួនមនុស្សចំនួន ៧៧ នាក់ ដែលក្នុងនោះរួមមានអ្នកផ្គត់ផ្គង់វេបសាយ ប្រតិបត្តិករ និងអ្នកភ្នាល់ល្បែង។ ក្នុងចំណោមនោះ ជនសង្ស័យ ២១ នាក់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីការស៊ើបអង្កេតលើប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងដ៏ធំបំផុតជាប្រវត្តិសាស្ត្រក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រុមជនសង្ស័យបានបង្កើត និងចែកចាយគេហទំព័រកាស៊ីណូចំនួន ១៨៨ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយបានបង្កើតការិយាល័យប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូង វៀតណាម និងកម្ពុជា។
អ្វីដែលធ្វើឱ្យបណ្តាញល្បែងខុសច្បាប់នេះមានភាពខុសប្លែក និងគ្រោះថ្នាក់បំផុត នោះគឺ «ល្បឿននៃការបង្កើតគេហទំព័រ»។ តាមការបញ្ជាក់ពីប៉ូលីសខេត្តឆុងណាំ បណ្តាញនេះបានជួលក្រុមអ្នកបង្កើតកម្មវិធី ឬSoftware Developers ដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយ៉ាងធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពួកគេបានបង្កើតកម្មវិធីពិសេសមួយដែលអាចបង្កើតគេហទំព័រកាស៊ីណូអនឡាញថ្មីស្រឡាងមួយបានដោយប្រើពេលត្រឹមតែ ១០ នាទី ប៉ុណ្ណោះ។
ក្រុមទាំងនោះបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនហ្គេមស្របច្បាប់នៅបរទេស ដើម្បីទទួលបានការផ្សាយបន្តផ្ទាល់ពីកាស៊ីណូ និងពិន្ទុហ្គេមនិម្មិត ហើយបន្ទាប់មកបានបញ្ជូនបន្តទៅឱ្យអ្នកអភិវឌ្ឍន៍គេហទំព័រភ្នាល់។ ក្រុម Developer បានរៀបចំឯកសារ និងសម្ភារទាំងនោះទៅជាកាស៊ីណូអនឡាញស្រេចបាច់ រួចលក់ឬជួលបន្តទៅឱ្យក្រុមប្រតិបត្តិករតូចៗ ដោយទារកម្រៃថែទាំប្រចាំខែចំនួន ៣ លានវ៉ុន ឬប្រមាណ ២,២៥០ ដុល្លារក្នុងមួយគេហទំព័រ។
បន្ទាប់មក ប្រតិបត្តិករទាំងនោះបានកៀងគរអតិថិជនពេញវ័យតាមរយៈម្ចាស់ហាងអ៊ីនធឺណិតកាហ្វេនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយប្រមូលចំណូលបានពីការលក់ពិន្ទុភ្នាល់ល្បែង។ប៉ូលីសបានប៉ាន់ប្រមាណថា អ្នកភ្នាល់ល្បែងបានប្រើប្រាស់ប្រាក់ភ្នាល់សរុបប្រមាណ២៣ ទី្រលានវ៉ុន ឬប្រមាណ ១៧.២ ប៊ីលានដុល្លារ ក្នុងអំឡុងពេលប្រតិបត្តិការប្រហែល ៣ ឆ្នាំនេះ។
ចំនែកប្រាក់ចំណេញខុសច្បាប់សរុបរបស់ក្រុមផ្គត់ផ្គង់ដើមទាំងពីរ មានចំនួនប្រហែល ១៥០ ប៊ីលានវ៉ុន ឬប្រមាណ ១១២ លានដុល្លារ ដោយក្នុងនោះក្រុមផ្គត់ផ្គង់ទទួលបាន ១២០ ប៊ីលានវ៉ុន ឬប្រមាណ ៩០ លានដុល្លារ រីឯក្រុម Developer វេបសាយទទួលបាន ៣០ ប៊ីលានវ៉ុន ឬប្រមាណ ២២.៥ លានដុល្លារ)។
ការស៊ើបអង្កេតបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលដែលប៉ូលីសបានចាប់ខ្លួនក្រុមប្រតិបត្តិករថ្នាក់ក្រោម និងបានស្រាវជ្រាវបន្តរហូតដល់មេបណ្តាញធំ។ ប៉ូលិសកូរ៉េសខាងត្បូងបានពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងគណនីធនាគារចំនួន ៧៩៥ គណនី និងពិនិត្យសារឆ្លើយឆ្លងតាមកម្មវិធីផ្ញើសារបរទេស។ ជនសង្ស័យតែងតែផ្លាស់ប្តូរទីតាំងការិយាល័យរវាងកូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងប្រើប្រាស់ម៉ាស៊ីនបម្រើការ Server នៅបរទេស ដើម្បីគេចវេះពីការតាមដាន។
ក្នុងចំណោមជនសង្ស័យ ៧៧ នាក់ដែលត្រូវចាប់ខ្លួន មាន ២៥ នាក់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់, ៣៣ នាក់ពាក់ព័ន្ធនឹងប្រតិបត្តិការគេហទំព័រ, និង ១៩ នាក់ជាអ្នកភ្នាល់ល្បែង។ ប៉ូលីសក៏បានចោទប្រកាន់ពី «បទល្មើសឧក្រិដ្ឋកម្មមានអង្គការចាត់តាំង» លើមនុស្ស ២៤ នាក់ដែលពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍន៍គេហទំព័រនោះផងដែរ។
បច្ចុប្បន្ន ប៉ូលិសកូរ៉េសខាងត្បូងបានបិទគេហទំព័រទាំង ១៨៨ ទាំងស្រុង ប្លុកអាសយដ្ឋានវេបសាយពាក់ព័ន្ធចំនួន ៤០៨ និងបានបង្កកទ្រព្យសម្បត្តិខុសច្បាប់ជាបណ្តោះអាសន្នចំនួន ៩.៦ ប៊ីលានវ៉ុន ឬប្រមាណ ៧.២ លានដុល្លារ)។
បន្ថែមពីនេះ អាជ្ញាធរកូរ៉េខាងត្បូងកំពុងស្នើសុំ «ដីកាក្រហម» ពីអង្គការប៉ូលីសអន្តរជាតិ (Interpol) ដើម្បីតាមប្រញ៉ាប់ចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់បន្ថែមទៀត ដែលជឿថាកំពុងរត់គេចខ្លួននៅក្រៅប្រទេស រួមទាំងការតាមដានរហូតដល់ទីក្រុងបាងកក និងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

