អត្ថបទ៖ អ្នកចង់ដឹងរឿងសង្គម
នៅក្នុងយុគសម័យឌីជីថល បណ្ដាញសង្គមបានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ការចែករំលែកព័ត៌មាន ចំណេះដឹង និងការកម្សាន្ត។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះនៅលើបណ្ដាញសង្គមចាប់ផ្ដើមមានមាតិកាមួយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យដើម្បីទាក់ទាញការចាប់អារម្មណ៍ គឺចាប់អារម្មណ៍ព្រោះចង់បាន Views Like Share ដើម្បីជាការគាំទ្រ ប៉ុន្ដែផ្ទុយទៅវិញក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់វិញដែរថាជាអ្នកត្រឹមត្រូវមានមុខរបរតែប្រើប្រាស់ពាក្យពេជន៍ហាក់ដូចជាអ្នកលក់នំ…ទៅវិញ ហើយក៏មានអ្នកសំណូមឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការនិងការផ្សព្វផ្សាយអប់រំផងដែរ។
អ្វីទៅជាបញ្ហានៃការប្រើប្រាស់ពាក្យពេញមិនសមរម្យលើបណ្ដាញសង្គមនោះ? ការបង្ហាញវីដេអូ អមដោយអក្សរសរសេរលើបណ្ដាញសង្គមថា «លោកគ្រូហៅទៅវៃ» «ម៉ូយហៅទៅវៃ» «វៃកាត់ព្រឹក» និង «វៃដូរអង្ករ» ត្រូវបានប្រើប្រាស់ក្នុងបរិបទដែលបង្កើតការសើចសប្បាយ ឬទាក់ទាញការចាប់អារម្មណ៍ តាមរយៈការ បកស្រាយដែលបង្កប់ន័យផ្លូវភេទ។
ការប្រើប្រាស់ពាក្យពេចន៍ខាងលើនិងបង្កប់រូបភាពនិងវីដេអូមួយចំនួន ត្បិតតែមានចេតនាបង្កើតភាពសប្បាយរីករាយ ប៉ុន្ដែវាបានកើតឡើងនៅការព្រួយបារម្ភដ៏ធំមួយ គឺការធ្វើឱ្យភាសាអសុរសក្លាយជាទម្លាប់ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសក្នុងចំណោមកុមារ និងយុវជនដែលកំពុងបង្កើតទម្លាប់នៃការនិយាយស្តី និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ការបង្ហោះមាតិកាមួយអាចចំណាយពេលត្រឹមតែប៉ុន្មានវិនាទី ប៉ុន្តែផលប៉ះពាល់របស់វាអាចបន្តកើតមានតាមរយៈការចែករំលែក ការថតចម្លង និងការរក្សាទុកដោយអ្នកដទៃ ទោះបីជាម្ចាស់មាតិកាលុបចោលនៅពេលក្រោយក៏ដោយ។

ការប្រើប្រាស់ភាសាបង្កប់ន័យផ្លូវភេទក្នុងលក្ខណៈមិនសមរម្យ អាចបង្កឱ្យមានការបន្ទាបតម្លៃបុគ្គល និងធ្វើឱ្យការប្រមាថ ឬការលេងសើចដែលប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ជាពិសេស នៅពេលដែលមាតិកាបែបនេះ ផ្តោត លើរូបរាង ភេទ ឬសេចក្តីថ្លៃថ្នូររបស់ស្ត្រី វាអាចរួមចំណែកបង្កើតបរិយាកាសដែលមិនគោរពសិទ្ធិ និងសមភាព យេនឌ័រ។ ទោះជាយ៉ាងណា ការកំណត់ថាការប្រើប្រាស់ពាក្យណាមួយជាការបៀតបៀនផ្លូវភេទ ត្រូវពិចារណាទៅតាមខ្លឹមសារ បរិបទ ចេតនា និងផលប៉ះពាល់ជាក់ស្តែង មិនមែនផ្អែកតែលើការមិនពេញចិត្តចំពោះពាក្យពេចន៍នោះទេ។
ការលេងសើចមិនមែនជារឿងខុសឆ្គងដោយស្វ័យប្រវត្តិនោះទេ ហើយសេរីភាពនៃការបញ្ចេញមតិក៏ជាសិទ្ធិដែលត្រូវបានគោរព។ ប៉ុន្តែសេរីភាពនោះមិនគួរត្រូវបានប្រើជាលេសដើម្បីបន្ទាបតម្លៃអ្នកដទៃ បៀតបៀនបុគ្គល ឬផ្សព្វផ្សាយមាតិកាដែលបង្កគ្រោះថ្នាក់ដល់សង្គមឡើយ។ ការកម្សាន្តដែលមានគុណភាព គួរធ្វើឱ្យមនុស្សសើចដោយមិនចាំបាច់ប៉ះពាល់ដល់កិត្តិយស និងសិទ្ធិរបស់អ្នកដទៃ។
ការបង្ហាញរូបភាព ឬវីដេអូហើយផ្សារភ្ជាប់ពាក្យថា លោកគ្រូហៅវៃ ចែហៅវៃ នៅមានជាច្រើនទៀត ពាក្យទាំងនេះត្បិតតែលេងសើច តែវាជះឥទ្ធិពលលើការគិតរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមថាជាអ្នកលក់ខ្លួន ឬក្រុមផ្ដល់សេវាផ្លូវភេទ ហើយខណៈអ្នកផុសជាអ្នកត្រឹមត្រូវទៅវិញ ធ្វើឱ្យមានការយល់ច្រលំពិបាកបែងចែករវាងអ្នកត្រឹមត្រូវនិងអ្នកលក់នំ…។ កត្ដានេះប៉ះពាល់ធ្ងន់ធ្ងរលើតម្លៃវប្បធម៌ខ្មែរ ហើយបង្ហាញពីសុជីវធម៌ ការនិយាយស្ដីមិនសមរម្យ ធ្វើឲ្យអាណាព្យាបាល និងគ្រួសារ បាត់បង់តម្លៃផងដែរ ហើយក៏ជះឥទ្ធិពលដល់កុមារយកជាការលេងសើចតាម។
ការការពារវប្បធម៌ជាតិ មិនមែនមានន័យថាត្រូវបដិសេធការកម្សាន្តបែបទំនើប ឬហាមឃាត់ការបញ្ចេញមតិទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វាមានន័យថា យើងត្រូវចេះបែងចែករវាងការកម្សាន្តដែលបង្កើតភាពសប្បាយរីករាយ និងការកម្សាន្តដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌ និងសិទ្ធិរបស់មនុស្ស។
បណ្ដាញសង្គមមិនមែនជាលំហដែលគ្មានការទទួលខុសត្រូវនោះទេ។ ពាក្យសម្ដី រូបភាព និងវីដេអូដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ អាចបង្កផលប៉ះពាល់ដល់កិត្តិយស សិទ្ធិឯកជនភាព និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។
ទោះជាយ៉ាងណា មិនមែនរាល់ការប្រើប្រាស់ភាសាមិនសមរម្យ ឬការលេងសើចបង្កប់ន័យផ្លូវភេទ សុទ្ធតែជាបទល្មើសតាមច្បាប់នោះទេ។ ការវាយតម្លៃផ្នែកច្បាប់ត្រូវផ្អែកលើអង្គហេតុ បរិបទ ចេតនា និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ប្រសិនបើការផ្សព្វផ្សាយមានលក្ខណៈបរិហារកេរ្តិ៍ ជេរប្រមាថ បៀតបៀន ឬរំលោភសិទ្ធិរបស់បុគ្គលណាមួយ អ្នកប្រព្រឹត្តអាចត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន ប្រសិនបើអង្គហេតុបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់។
ដូច្នេះ អ្នកបង្កើតមាតិកាគួរតែមានការប្រុងប្រយ័ត្នមុនពេលបង្ហោះ ឬចែករំលែកខ្លឹមសារណាមួយ ដោយសួរខ្លួនឯងថា តើមាតិកានេះមានតម្លៃអ្វីសម្រាប់សាធារណជន? តើវាប៉ះពាល់ដល់កិត្តិយស ឬសិទ្ធិរបស់អ្នកដទៃដែរឬទេ? ហើយប្រសិនបើមាតិកានេះត្រូវបានកុមារ ឬយុវជនយកតម្រាប់តាម តើវានឹងបង្កផលវិបាកអ្វីខ្លះ?
ការគិតពិចារណាមុនពេលផ្សព្វផ្សាយ គឺជាផ្នែកមួយនៃសុជីវធម៌ឌីជីថល និងការទទួលខុសត្រូវរបស់ពលរដ្ឋក្នុងសង្គមទំនើប។
ការឆ្លើយតបចំពោះបាតុភូតនេះ មិនអាចពឹងផ្អែកតែលើការអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានសីលធម៌នោះទេ។ វាទាមទារឱ្យមានការអប់រំ ការចូលរួមពីគ្រួសារ សាលារៀន ស្ថាប័នពាក់ព័ន្ធ និងការអនុវត្តវិធានការសមស្របទៅតាមសមត្ថកិច្ចរបស់ស្ថាប័ននីមួយៗ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាចចូលរួមលើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរប្រកបដោយគុណភាព និងសុជីវធម៌ ព្រមទាំងជំរុញឱ្យសិល្បករ និងអ្នកបង្កើតមាតិកាផលិតស្នាដៃដែលមានភាពច្នៃប្រឌិត ដោយមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស។
ក្រសួងកិច្ចការនារី អាចពង្រឹងការអប់រំអំពីសមភាពយេនឌ័រ ការគោរពសិទ្ធិស្ត្រី និងការទប់ស្កាត់ការបៀតបៀនតាមប្រព័ន្ធអនឡាញ ដោយផ្តោតលើការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាព និងមិនរើសអើង។
ក្រសួងព័ត៌មាន អាចបន្តលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ព្រមទាំងជំរុញឱ្យអ្នកផលិតមាតិកាដែលពាក់ព័ន្ធនឹងវិស័យព័ត៌មាន គោរពច្បាប់ និងស្តង់ដារវិជ្ជាជីវៈ។ វិធានការលើមាតិកាដែលអាចបំពានច្បាប់ គួរផ្អែកលើបទប្បញ្ញត្តិ និងនីតិវិធីដែលអនុវត្តបាន មិនមែនផ្អែកតែលើការមិនពេញចិត្តចំពោះខ្លឹមសារនោះទេ។
ក្រសួងអប់រំ យុវជន និងកីឡា គួរបន្តបញ្ជ្រាបអក្ខរកម្មឌីជីថល សុជីវធម៌ និងការគិតបែបពិចារណាទៅក្នុងការអប់រំ ដើម្បីឱ្យសិស្សានុសិស្សចេះវាយតម្លៃខ្លឹមសារមុនពេលចែករំលែក និងយល់ពីផលវិបាកនៃសកម្មភាពរបស់ខ្លួនក្នុងលំហសាធារណៈ។
ទន្ទឹមនឹងនេះ គ្រួសារក៏មានតួនាទីសំខាន់ក្នុងការណែនាំកូនៗឱ្យប្រើប្រាស់បណ្ដាញសង្គមដោយមានការទទួលខុសត្រូវ។ ចំណែកអ្នកបង្កើតមាតិកា និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម គួរប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួនដើម្បីផ្សព្វផ្សាយចំណេះដឹង ការគោរពគ្នា និងតម្លៃវិជ្ជមាន ជាជាងការដេញតាមការចាប់អារម្មណ៍ដោយមិនគិតពីផលប៉ះពាល់។
សង្គមដែលមានវប្បធម៌រឹងមាំ មិនមែនជាសង្គមដែលខ្វះការកម្សាន្ត ឬការបញ្ចេញមតិដោយសេរីនោះទេ ប៉ុន្តែជាសង្គមដែលចេះប្រើប្រាស់សេរីភាពប្រកបដោយការគិតពិចារណា និងការគោរពគ្នាទៅវិញទៅមក។ អ្នកបង្កើតមាតិកាអាចបង្កើតភាពល្បីល្បាញតាមរយៈភាពច្នៃប្រឌិត អត្ថប្រយោជន៍ និងគុណភាពនៃស្នាដៃ ដោយមិនចាំបាច់ពឹងផ្អែកលើភាសាអសុរស ឬការបន្ទាបតម្លៃអ្នកដទៃឡើយ។
ជាចុងក្រោយ ការស្តារសីលធម៌សង្គមក្នុងយុគសម័យឌីជីថល គឺជាកាតព្វកិច្ចរួមរបស់រដ្ឋ ស្ថាប័នអប់រំ គ្រួសារ អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប។ ការចុចចូលចិត្ត ឬការចែករំលែកអាចផ្តល់ប្រជាប្រិយភាពក្នុងរយៈពេលខ្លី ប៉ុន្តែការរក្សាសេចក្តីថ្លៃថ្នូរ ការគោរពសិទ្ធិអ្នកដទៃ និងការប្រើប្រាស់ភាសាប្រកបដោយការទទួលខុសត្រូវ គឺជាតម្លៃដែលសង្គមត្រូវការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ចុះប្រិយមិត្ត មានយោបល់បែបណា សម្រាប់មាតិកាដែលប្រើប្រាស់ពាក្យ វៃ នៅលើបណ្ដាញសង្គមមួយរយៈនេះ? បន្ដឱ្យប្រើប្រើប្រាស់ព្រោះជាសិទ្ធិសេរីភាពរបស់បុគ្គល ឬជាទង្វើប៉ះពាល់ធ្ងន់ធ្ងរដល់ទំនៀមទំលាប់ប្រពៃណីខ្មែរ?
