ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យបានរៀបចំពិធីលើករូបសំណាក «ព្រះគោ ព្រះកែវ» មកតម្កល់លើបល្ល័ង្ក រង្វង់មូល ដែលជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ព្រមទាំងរួមចំណែកថែរក្សា និងលើកស្ទួយតម្លៃវប្បធម៌ ប្រពៃណី និងរឿងព្រេងប្រជុំប្រជាប្រិយខ្មែរដ៏មានតម្លៃ។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយបានអញ្ជើញដឹកនាំមន្ត្រីរាជការ អុជធូប និងយាងបដិមាឡើងតម្កល់លើបល្ល័ង្ក នៅបរិវេណទីតាំងរង្វង់មូលចាស់ «ព្រះវិស្ណុផ្លែងសរ គង់លើស្តេចគ្រុឌ»។

សូមជម្រាបថា រូបសំណាក «ព្រះគោ ព្រះកែវ» ត្រូវបានដំឡើង និងតម្កល់តាមការរក្សាទំហំដើម និងកំណត់​ទិស​បែរ​មុខរូបសំណាកឱ្យសមស្របនឹងទីតាំង ព្រមទាំងស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការកសាងពីមុន។ រចនាបទ្ម និងបច្ចេកទេសនីមួយ ត្រូវបានក្រុមការងារសិក្សាប្រវត្តិ ទម្រង់ និងក្បាច់សិល្បៈឱ្យស្របតាមបរិបទប្រវត្តិសាស្ត្រ ព្រមទាំងប្រៀបធៀបសម្ភារៈសាងសង់ និងរៀបចំគំរូរូបសំណាក ប្លង់ទីតាំង និងជើងទម្រ សម្រាប់ពិនិត្យមុនសម្រេចជាផ្លូវការ។ ក្រៅពីនោះ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានកែលម្អសួនច្បារ ចំណតយានយន្ត ផ្លូវចេញចូល កន្លែងថ្វាយសំណែន និងសណ្តាប់ធ្នាប់ជុំវិញ ព្រមទាំងរៀបចំផ្ទាំងព័ត៌មានប្រវត្តិសាស្ត្រ និងកូដ QR (QR Code) ដោយផ្អែកលើឯកសារដែលអាចផ្ទៀងផ្ទាត់បាន។

ក្រៅពីតម្លើងរូបសំណាក «ព្រះគោ ព្រះកែវ» ក្នុងឧត្តរមានជ័យ ក្រុមការងារបច្ចេកទេសក៏បានបន្តចុះពិនិត្យរូបសំណាកព្រះគោព្រះកែវ នៅវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាលទ្ធភាពកែលម្អឡើងវិញ ដោយផ្តោតលើការរក្សាអត្តសញ្ញាណដើម តម្លៃប្រវត្តិសាស្ត្រ និងសិល្បៈ សំដៅរួមចំណែកថែរក្សាមរតកវប្បធម៌ និងតម្លៃប្រពៃណីខ្មែរឱ្យបានគង់វង្ស៕

Share.