
បន្ទាយមានជ័យ៖ ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយស្ថាប័នពាក់ព័ន្ធ អនុវត្តប្រតិបត្តិការបញ្ជូនខ្លួនជនជាតិថៃ និងទទួលពលរដ្ឋខ្មែរត្រឡប់មកវិញ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋាន, និងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ។

នៅក្នុងប្រតិបត្តិការនោះ អាជ្ញាធរកម្ពុជាបានធ្វើការបញ្ជូនខ្លួនពលរដ្ឋថៃចំនួន ២៤នាក់ (ស្រី ៩នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា។
ក្នុងពេលជាមួយគ្នានោះដែរ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានទទួលពលរដ្ឋខ្មែរចំនួន ៨២នាក់ (ស្រី ២៤នាក់ និងកុមារ ១០នាក់) ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញ ដោយសារការឆ្លងដែនខុសច្បាប់។ ក្នុងឱកាសនោះ កម្លាំងសមត្ថកិច្ចបានផ្តល់ការយកចិត្តទុកដាក់ ដោយបានចែកអាហារសម្រន់ រួមមានបាយ និងទឹកបរិភោគជូនដល់ពួកគាត់គ្រប់ៗគ្នា។

បន្ទាប់ពីបានធ្វើការអប់រំ និងធ្វើសម្រង់សាវតាតម្កល់ទុកជាឯកសាររួចមក កម្លាំងប៉ុស្តិ៍បានជួយដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះ យកទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕

