
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនបូកបី លើកទី១៦ (16th AMMTC+3) បានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន ក្រោមអធិបតីភាព ឯកឧត្តម ជុអានីតូ វីកទ័រ “ជុនវីក” រេមូម៉ា ជេអរ (Juanito Victor “Jonvic” Remulla Jr.) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋបាលមូលដ្ឋាននៃប្រទេសហ្វីលីពីន (DILG) កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន បានគូសបញ្ជាក់ថា បទល្មើសឆ្លងដែនមិនស្គាល់ព្រំដែនឡើយ ហើយគ្មានប្រទេសណាមួយមានធនធាន ឬសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងបញ្ហានេះតែម្នាក់ឯងបានទេ។ ដូច្នេះ ភាពជាដៃគូក្នុងក្របខណ្ឌអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាងត្បូង) គឺមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការគំរាមកំហែងដែលកំពុងវិវត្តយ៉ាងលឿន ដូចជា បទល្មើសឧក្រិដ្ឋកម្មសាយប័រ ការបោកប្រាស់តាមអនឡាញនិងការជួញដូរមនុស្សជាដើម។

កិច្ចប្រជុំបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការការងាររបស់មន្ត្រីជាន់ខ្ពស់អាស៊ានបូកបីស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឆ្នាំ២០២៤-២០២៧ ដែលមានអាទិភាពលើការជួញដូរមនុស្ស អំពើភេរវកម្ម និងបទល្មើសឧក្រិដ្ឋកម្មសាយប័រ។ តាមរយៈយន្តការផ្លាស់ប្តូរព័ត៌មាន ការពង្រឹងសមត្ថភាព ការជំនួយផ្នែកច្បាប់ទៅវិញទៅមក និងការបញ្ជូនជនល្មើសទៅកាត់ទោស (Extradition) ភាគីពាក់ព័ន្ធបានប្តេជ្ញាចិត្តប្រែក្លាយទំនុកចិត្តឱ្យទៅជាលទ្ធផលការងារជាក់ស្តែង។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះដែរ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន ឆ្នាំ២០២៦ (DGICM Chair) បានអញ្ជើញចូលរួម និងបានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំ DGICM បូកបី លើកទី៥ ដែលធ្លាប់បានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះផងដែរ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនបូកបី លើកទី១៦ នេះបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ ដើម្បីធានាថា រាល់បណ្តាញឧក្រិដ្ឋកម្មនឹងត្រូវបំផ្លាញ ជនរងគ្រោះត្រូវបានការពារ និងសហគមន៍ក្នុងតំបន់ទទួលបានសុវត្ថិភាពពេញលេញ៕

