ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះតូប លក់មាស ទូរស័ព្ទ កុំព្យុទ័រ ចំនួន៤តូប និងផ្ទះ១ល្វែង រងខូចខាត បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅផ្សារបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តូបលក់ដូរទំហំ៣ម៉ែត្រx៥ម៉ែត្រ ចំនួន៤តូប និងផ្ទះ១ល្វែង ក្នុងនោះផ្ទះធ្វើមាស លក់មាស គ្រឿងអលង្ការ តូបលក់ទូរស័ព្ទ តូបលក់កុំព្យុទ័រ រងខូចខាតដំណំ ម្ចាស់ផ្ទះលក់មាស រន្ធត់ពេកដួលសន្លប់បាត់ស្មារតី ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សង្ស័យផ្ទុះឆាបឆេះសាំងក្រអូប ចេញពីតូបលក់ដូរ ភ្លើងឆេះរាលពីមួយទៅមួយអស់៤រូបជាប់គ្នា និងផ្ទះមួយល្វែង ភ្លើងឆេះសន្ធោសន្ធៅឡើង ម្ចាស់ផ្ទះលក់មាស ដួលសន្លប់បាត់ស្មារតី ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ ជួយសង្គ្រោះ ។

គ្រោះអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព១១ កងពលតូចលេខ៧០ រថយន្តរបស់ស្នងការក្រុងភ្នំពេញ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែលទើបភ្លើងរលត់ ។ តែទោះជាមានការសង្ស័យយ៉ាងណាក្តី សមត្ថកិច្ច បន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញអគ្គិភ័យខាងលើ ។

អត្ថបទ៖ តាតុងសែនជ័យ

Share.