ស្ទឹងត្រែង៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាក និងតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ តាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តនេះ។

ពិធីចែកអំណោយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីថ្នាក់កណ្តាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា។

ការផ្តល់អំណោយនេះធ្វើឡើងនៅទីតាំងចំនួន២ ដោយទីតាំងទី១ នៅសាលាបឋមសិក្សាឬទ្ធីសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងនោះស្រុកបុរីអូរស្វាយសែនជ័យ ១១៣គ្រួសារ និងស្រុកសៀមប៉ាង ១៨៧គ្រួសារ។

ចំណែកទីតាំងទី២ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋចំនួន ៥៨៣គ្រួសារ រួមមាន ស្រុកថាឡាបរិវ៉ាត់ ១៥៨គ្រួសារ ស្រុកសេសាន ១៤០គ្រួសារ ស្រុកសៀមបូក ១៥៣គ្រួសារ និងក្រុងស្ទឹងត្រែង ១៣២គ្រួសារ។
សម្រាប់អំណោយដែលប្រជាពលរដ្ឋទាំង ៨៨៣គ្រួសារទទួលបាន ក្នុងមួយគ្រួសាររួមមាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ និងឃីតសម្ភារៈប្រើប្រាស់ចំនួន ១ឃីត ដែលមានសារុង ក្រមា មុង និងភួយ។ ក្រៅពីការជួយដល់ប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជាក៏បានផ្តល់សម្ភារៈអនាម័យដល់សាលារៀនចំនួន២កន្លែង ដោយក្នុងមួយកន្លែងទទួលបានសាប៊ូលាងដៃ ២កេស និងម្សៅសាប៊ូ ២កេស ដើម្បីគាំទ្រដល់ការរក្សាអនាម័យក្នុងបរិស្ថានសិក្សា។

ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់វត្តចំនួន២ រួមមាន វត្តរដ្ឋជ័យធម្មារាម (វត្តដួងក្រចែម) ស្ថិតនៅឃុំអូរស្វាយ និងវត្តរុក្ខាសិលារាមព្រៃចាស់ ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ព្រមទាំងប្រគេនព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ និងជូនយាយជី តាជីផងដែរ។ សកម្មភាពនេះជាផ្នែកមួយនៃការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ៕


