បាងកក៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះបានសម្រេចអនុម័តកញ្ចប់ថវិកាសង្គ្រោះបន្ទាន់បន្ថែមចំនួន ១០.៥១ ប៊ីលានបាត (ស្មើនឹងប្រមាណ ៣១២.៧ លានដុល្លារអាមេរិក) ដើម្បីផ្តល់ជាប្រាក់សំណងជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ១,៤៨១,៤០១ គ្រួសារ ក្នុងរដូវវស្សាឆ្នាំ២០២៦ នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃប្រទេសថៃ នឹងធ្វើការបែងចែក និងផ្ទេរប្រាក់ជំនួយនេះទៅកាន់ពលរដ្ឋតាមរយៈធនាគារសន្សំរបស់រដ្ឋ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថៃក៏បានប្តេជ្ញាចិត្តជួយពន្លឿនការទូទាត់ប្រាក់ជូនដល់គ្រួសាររងគ្រោះ ដែលព័ត៌មាន និងទិន្នន័យរបស់ពួកគេកំពុងស្ថិតក្នុងការផ្ទៀងផ្ទាត់ឱ្យបានឆាប់រហ័សបំផុតផងដែរ៕

Share.