ថ្មីៗនេះ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពបំពានរបស់ភាគីថៃដោយគ្មានការអនុញ្ញាត និងទាមទារឱ្យភាគីថៃប្រគល់វត្ថុបុរាណដែលបានលួចចេញពីប្រាសាទខ្នារ និងប្រាសាទតាក្របី ត្រឡប់មកឱ្យកម្ពុជាវិញនោះ ស្រាប់តែរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ គឺលោកស្រី សាប៊ីដា ថៃសេត (Sabida Thaiseth) បានចាប់ផ្ដើមចេញមុខប្រកាសក្ដែងៗដោយមិនញញើតច្បាប់អន្តរជាតិថា ប្រាសាទបុរាណទាំង២ ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ និងបានចុះបញ្ជីក្រោមច្បាប់ថៃ។ មិនតែប៉ុណ្ណោះ លោកស្រីថែមទាំងប្រកែកទៀតថា រាល់វត្ថុបុរាណដែលភាគីថៃបានប្រមូលចេញពីប្រាសាទនោះ គឺដើម្បីយកទៅរក្សាទុកនៅទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ មុននឹងចាប់ផ្ដើមធ្វើការជួសជុល និងស្តារប្រាសាទឡើងវិញ។ ដូច្នេះ សំណួរគឺសួរថា តើការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃរូបនេះ ពិតជាការសារភាពដោយប្រយោលថា ថៃគឺជាចោរលួចទាំងវត្ថុបុរាណ និងប្លន់តួប្រាង្គប្រាសាទរបស់ខ្មែរពិតមែនឬទេ?

ការចោទប្រកាន់នេះ គឺមានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ដោយមុនពេលកើតមានការប៉ះទង្គិចប្រដាប់អាវុធចំនួន ២ដង នៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប្រាសាទតាក្របី និងប្រាសាទខ្នារ រួមទាំងប្រាសាទតាមាន់ផងដែរ គឺស្ថិតក្រោមការគ្រប់គ្រង និងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងស្របច្បាប់។ កន្លងមក ក្រសួងការបរទេសកម្ពុជា ធ្លាប់បានធ្វើកំណត់ទូតផ្ញើទៅប្រាប់ភាគីថៃយ៉ាងច្បាស់លាស់ថា ប្រាសាទតាក្របីពិតជាស្ថិតនៅក្នុងបូរណភាពដែនដីខ្មែរ ដោយយោងទៅលើ៖ ទី១) សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧, ទី២) ផែនទីខ្នាត ១/៥០ ០០០ ដែលព្រមព្រៀងគ្នាដោយក្រុមបច្ចេកទេសស្វែងរកបង្គោលព្រំដែនកម្ពុជា-ថៃ និងទី៣) សូម្បីតែផែនទីឯកតោភាគីរបស់ថៃ ដែលជាផែនទីមិនផ្លូវការ និងមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក៏បង្ហាញថា ប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ។ នេះបើនិយាយស្ដីអំពីប្រាសាទតាក្របីតែមួយប៉ុណ្ណោះ។

ចំណែកឯប្រាសាទខ្នារវិញ មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្លាប់បានចង្អុលបង្ហាញយ៉ាងច្បាស់ឥតប្រកែកបានថា ប្រាសាទខ្នារស្ថិតក្នុងទឹកដីកម្ពុជា ដោយយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ កំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលភាគីថៃបានគូសដោយឯកតោភាគី។
មួយវិញទៀត យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម K.273 ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ពោលគឺនៅឆ្នាំ១១៨១ – ១២២០ មានមន្ទីរពេទ្យយ៉ាងតិច ១០២ ស្ថិតនៅរាយប៉ាយពាសពេញនគរ។ រាល់មន្ទីរពេទ្យនីមួយៗច្រើនតែស្ថិតនៅទីប្រជុំជន ឬតាមបណ្តោយផ្លូវសំខាន់ៗ ហើយជាទូទៅមន្ទីរពេទ្យនីមួយៗត្រូវមានហោរបន់ស្រន់ចំនួន១ នោះគឺប្រាសាទ។ ក្នុងចំណោមនោះ ប្រាសាទមួយដែលមានតួនាទីជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺ «ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ» ដែលស្ថិតនៅឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។



ការអះអាងរបស់ថៃនាពេលនេះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាលួច និងប្លន់ ព្រោះថាកាលពីអំឡុងពេលកងទ័ពថៃបើកការឈ្លានពាន និងវាយប្រហារដោយកាំភ្លើងធំ និងអាវុធធុនធ្ងន់មកលើប្រាសាទតាក្របី និងប្រាសាទខ្នារ គឺភាគីថៃនេះឯងជាអ្នកបង្កការខូចខាតយ៉ាងដំណំដល់ស្ថាបត្យកម្ម និងដួងព្រលឹងប្រវត្តិសាស្ត្រខ្មែរ។ ការពិតបានបញ្ជាក់ថា ទាហានថៃ គឺជាអ្នកបើកការបាញ់ប្រហារ និងបំផ្លាញ ហើយថែមទាំងឆ្លៀតឱកាសដឹកជញ្ជូន និងប្លន់យកវត្ថុបុរាណពីប្រាសាទទាំងនោះទៅទឹកដីខ្លួនដោយខុសច្បាប់ថែមទៀតផង។ ទង្វើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនាពេលនេះ មិនខុសអីពីការសារភាពដោយប្រយោលលើភស្តុតាងជាក់ស្តែងនោះឡើយ ហើយថែមទាំងបង្ហាញពីការប៉ុនប៉ងទាមទារឱ្យអន្តរជាតិទទួលស្គាល់ថា ថៃបានឈ្លានពានកម្ពុជាហួសខ្សែបន្ទាត់ព្រំដែន និងបង្កើតអង្គហេតុថ្មីនៅលើដីជាក់ស្តែងទៀតផង។ តើមានហេតុផលអ្វីដែលភាគីថៃត្រូវមករៀបចំជួសជុលប្រាសាទបុរាណខ្មែរ និងរៀបចំទីតាំងសក្ការបូជាថៃនៅលើទឹកដីខ្មែរ ទាំងដែលព្រំដែននៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយបែបនេះ?

សម្រាប់ភាគីកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់រាល់ការចោទប្រកាន់ដដែលៗ គ្មានមូលដ្ឋានទាំងនេះ បញ្ឈប់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងងាកមកដោះស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេស គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ កម្ពុជាទាមទារជាថ្មីឱ្យមានការប្រគល់ត្រឡប់មកវិញនូវរាល់វត្ថុបុរាណដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងត្រូវបានដឹកយកទៅប្រទេសថៃ។
ប្រាសាទទាំងនោះត្រូវតែទទួលបានការការពារ ដោយមិនត្រូវយកទៅធ្វើជាឧបករណ៍នយោបាយឡើយ ព្រោះសុទ្ធសឹងជាប្រាសាទដែលត្រូវអភិរក្ស និងមិនមែនជាកម្មវត្ថុសម្រាប់ការកេងប្រវ័ញ្ចណាមួយនោះទេ។ ប្រាសាទទាំងនោះក៏គួរតែត្រូវបានទទួលការគោរព និងមិនមែនជាទីតាំងសម្រាប់ធ្វើសកម្មភាពឯកតោភាគី ឬជាទីតាំងប្រឈមមុខដាក់គ្នាដោយកម្លាំងយោធាឡើយ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគត់មត់៕

