កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអំពាវនាវដល់បងប្អូនដែលប្រកបមុខរបរថតរូបនៅតំបន់បាតដៃ និងសេះសមុទ្រ ជួយផ្តល់ព័ត៌មានអំពីបុគ្គលដែលបោះសំរាមចោលនៅលើបាតដៃ ឬនៅខាងក្រោមបាតដៃ ដោយសន្យាផ្តល់រង្វាន់ចំនួន ៤ម៉ឺនរៀល សម្រាប់អ្នកដែលផ្តល់រូបភាពបុគ្គលម្នាក់ៗដែលប្រព្រឹត្តសកម្មភាពនេះ។

តាមរយៈសាររបស់លោកស្នងការ លោកបានស្នើឱ្យអ្នកថតរូបជួយថតរូបអ្នកបោះសំរាមឱ្យបានច្បាស់ ដោយអាចស្គាល់មុខបាន និងផ្ញើរូបភាពមកលោកតាមរយៈឆាត ដើម្បីចូលរួមទប់ស្កាត់ការបោះសំរាមពាសវាលពាសកាល និងថែរក្សាអនាម័យ សោភ័ណភាពនៅតំបន់ទេសចរណ៍។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ រូបសំណាកបាតដៃ និងសេះសមុទ្របាញ់ទឹក នៅតាមដងព្រែកកំពត បានក្លាយជាចំណុចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍។ ទីតាំងទាំងនេះក៏ជាផ្នែកមួយនៃការលើកកម្ពស់សោភ័ណភាព និងភាពទាក់ទាញរបស់ក្រុងកំពតផងដែរ។
ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋ អ្នកប្រកបមុខរបរថតរូប និងភ្ញៀវទេសចរទាំងអស់ ក្នុងការរក្សាអនាម័យ និងមិនបោះសំរាមចោលដោយខ្វះការទទួលខុសត្រូវ គឺជាកត្តាសំខាន់ក្នុងការថែរក្សាបរិស្ថាន និងសោភ័ណភាពតំបន់ទេសចរណ៍ឱ្យស្រស់ស្អាត និងមានភាពទាក់ទាញជាបន្តបន្ទាប់៕



