បាងកក៖ គណបក្សប្រជាធិបតេយ្យ នៃប្រទេសថៃ បានប្រកាសពីផែនការរៀបចំការប្តឹងផ្តល់ប្រឆាំងនឹងរដ្ឋបាលក្រុងបាងកក (BMA) និងនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ (DDPM) ទៅកាន់តុលាការរដ្ឋបាល ពាក់ព័ន្ធនឹងការគ្រប់គ្រងវិបត្តិទឹកជំនន់ក្នុងក្រុងបាងកក ព្រមទាំងដើម្បីទាមទារសំណងសមរម្យជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

កាលពីថ្ងៃទី២៥ ខែតុលា លោក ផុងសាកន ខ្វាន់មឿង អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ បានឱ្យដឹងថា ក្រុមការងារផ្លូវច្បាប់របស់គណបក្សកំពុងប្រញាប់ប្រញាល់រៀបចំឯកសារពាក្យប្តឹង ដើម្បីដាក់ជូនតុលាការ។ ការជំរុញឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីគណបក្សបានមើលឃើញពីកង្វះខាត និងភាពយឺតយ៉ាវក្នុងការអនុវត្តតួនាទីរបស់ស្ថាប័នជំនាញ ដែលបណ្តាលឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ និងរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។

ភាគីគណបក្សប្រជាធិបតេយ្យបានសង្កត់ធ្ងន់ថា បញ្ហាទឹកលិចនាពេលនេះ មិនមែនកើតចេញពីកត្តាធម្មជាតិ ឬភ្លៀងធ្លាក់ខ្លាំងតែមួយមុខនោះទេ ប៉ុន្តែក៏មានការរួមផ្សំពីកត្តាបច្ចេកទេស និងការគ្រប់គ្រងផងដែរ ជាពិសេសការខកខានក្នុងការបូមរំដោះទឹកទុកជាមុន បញ្ហាម៉ាស៊ីនបូមទឹក និងប្រព័ន្ធប្រកាសអាសន្នដល់សាធារណជនមានភាពយឺតយ៉ាវ។ ទោះបីជាភាគីអភិបាលរងទីក្រុងបាងកកបានចេញមុខទទួលស្គាល់ពីកង្វះខាតក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋក៏ដោយ ប៉ុន្តែការសុំទោសតែមួយមុខ មិនទាន់អាចទូទាត់សងនូវការខាតបង់យ៉ាងច្រើនសន្ធឹកសន្ទាប់របស់ប្រជាជនបានឡើយ។

បន្ថែមពីនេះ គណបក្សប្រជាធិបតេយ្យក៏បានលើកឡើងអំពីបញ្ហាប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដោយចាត់ទុកថា ចំនួនប្រាក់សងជំងឺចិត្តនាពេលបច្ចុប្បន្ន ដែលមានចំនួន ៥,០០០បាត ឬស្មើនឹង ១៤៨ដុល្លារ សម្រាប់ផ្ទះដែលស្ថិតក្នុងតំបន់ទឹកលិច និង ៩,០០០បាត ឬស្មើនឹង ២៦៧ដុល្លារ សម្រាប់ផ្ទះដែលត្រូវទឹកជន់លិច គឺនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងទំហំនៃការខូចខាតពិតប្រាកដរបស់ប្រជាពលរដ្ឋ ដែលត្រូវចំណាយថវិការាប់សែនបាតលើការជួសជុលផ្ទះសម្បែង និងយានយន្តរបស់ពួកគេ។

ប្រភពដដែលបានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការដាក់ពាក្យប្តឹងនាពេលនេះ គឺដើម្បីទាមទារឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការទទួលខុសត្រូវ និងផ្តល់សំណងសមរម្យដល់ជនរងគ្រោះ ព្រមទាំងបង្កើតជាបទដ្ឋានផ្លូវច្បាប់មួយ ដើម្បការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងការទាមទារយុត្តិធម៌នាពេលអនាគត៕

ប្រភព​៖ The Thaiger

Share.