រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបានគូសបញ្ជាក់ជាថ្មីអំពីជំហរដ៏រឹងមាំរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបន្តជ្រោមជ្រែង និងគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពព្រំដែនកម្ពុជា-ថៃ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តរួមនេះ ឱ្យទៅជាសន្តិភាពពិតប្រាកដ ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជាតិទាំងពីរ។


ការចេញមុខបញ្ជាក់ជាថ្មីនូវជំហរការទូតរបស់សហរដ្ឋអាមេរិកនាពេលនេះ បានធ្វើឡើងចំឱកាសខួប ១ឆ្នាំ នៃការសម្រេចបាន «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ» ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រនៃការយោគយល់គ្នា រវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ក្រោមវត្តមានធ្វើជាសាក្សីផ្ទាល់ពីសំណាក់ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ក្នុងន័យនេះ លោក ម៉ាកូ រូប៊ីអូ បានគូសបញ្ជាក់ថា សមិទ្ធផលការទូតដ៏មានសារសំខាន់នេះ គឺជាផ្លែផ្កាកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយវិចារណញាណច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះស្ថិរភាព និងសន្តិភាពសកលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ប្រមុខការទូតអាមេរិករូបនេះបានបញ្ជាក់បន្ថែមដោយន័យធ្ងន់ៗថា កិច្ចព្រមព្រៀងនេះគឺជាសក្សីភាពបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការទូតក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី និងជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរ ដើម្បីធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់ និងប្រែក្លាយការសន្យាសន្តិភាពរយៈពេលវែង ឱ្យលេចចេញជាលទ្ធផលជាក់ស្តែង។

គួររំលឹកផងដែរថា កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដែលបានចុះហត្ថលេខាកាលពីមួយឆ្នាំមុន បានគ្របដណ្តប់លើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៩ចំណុច ក្នុងគោលបំណងស្តារ និងពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន។ ក្របខ័ណ្ឌទាំងនោះរួមមាន៖ ការគោរពយ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញសហប្រជាជាតិ ការបង្កើតយន្តកិច្ចចរចាព្រំដែន ការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដកអាវុធធុនធ្ងន់ចេញពីតំបន់ប្រឈមមុខដាក់គ្នា ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការស្តារទំនាក់ទំនងការទូតឡើងវិញពេញលេញ ការសហការដោះមីនមនុស្សធម៌ ការដោះលែងយោធិនកម្ពុជាដែលត្រូវបានឃាត់ខ្លួន និងការរួមដៃគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ដើម្បីធានាសន្តិសុខ និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

