ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមកំណាត់ផ្លូវ៥០ម៉ែត្រ ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្នើសុំអាជ្ញាធរពាក់ព័ន្ធពន្លឿនការដាក់លូបង្ហូរទឹក បន្ទាប់ពីប្រឡាយដែលបានកាយសម្រាប់រំដោះទឹកតាមដងផ្លូវ ត្រូវបានទុកនៅចំហអស់រយៈពេលជាច្រើនថ្ងៃខែ បង្កការលំបាកដល់ការធ្វើដំណើរចេញចូលលំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ កន្លងមក កំណាត់ផ្លូវនេះមិនទាន់មានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់នៅឡើយទេ។ នៅពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទឹកបានដក់នៅតាមចិញ្ចើមផ្លូវ ដែលជាហេតុនាំឱ្យអាជ្ញាធរចាត់វិធានការចុះកាយប្រឡាយតាមផ្លូវ ដើម្បីជួយរំដោះទឹកចេញពីតំបន់នោះ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយរូបដែលរស់នៅទីតាំងខាងលើបានឱ្យដឹងថា ប្រឡាយដែលបានកាយនោះនៅតែបើកចំហអស់រយៈពេលជាច្រើនថ្ងៃខែមកហើយ ដោយពួកគាត់នៅមិនទាន់ឃើញការដាក់លូបន្តនៅឡើយ ហើយស្ថានភាពនេះធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ និងការចេញចូលផ្ទះមានការលំបាក ជាពិសេសសម្រាប់អ្នករស់នៅក្បែរប្រឡាយដែលត្រូវធ្វើដំណើរចេញចូលជារៀងរាល់ថ្ងៃ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើ បានលើកឡើងថា ការកាយប្រឡាយដើម្បីរំដោះទឹក គឺជាការងារចាំបាច់មួយក្នុងការដោះស្រាយបញ្ហាទឹកដក់នៅតាមដងផ្លូវ ប៉ុន្តែការរៀបចំប្រព័ន្ធលូឱ្យបានឆាប់រហ័ស និងសមស្រប ក៏មានសារៈសំខាន់មិនតិចដែរ ដើម្បីឱ្យការរំដោះទឹកឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយផលលំបាកដែលអាចកើតមានចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។

ជាមួយគ្នានេះ ពួកគាត់បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅខណ្ឌដង្កោផ្ទាល់ មេត្តាពិនិត្យលទ្ធភាពពន្លឿនការរៀបចំបណ្តាញលូ និងការដាក់លូនៅតាមកំណាត់ផ្លូវខាងលើឱ្យបានលឿន ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលផ្ទះ និងជួយដោះស្រាយបញ្ហារំដោះទឹកក្នុងតំបន់ឱ្យកាន់តែប្រសើរ និងមានសុវត្ថិភាពជាងមុន។
យ៉ាងណាក៏ដោយ សារព័ត៌មានត្រយងរង់ចាំទទួលការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ ជុំវិញសំណូមពរ និងការលើកឡើងរបស់ប្រជាពលរដ្ឋនៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីឱ្យសាធារណជនបានជ្រាបច្បាស់ និងស្វែងយល់ពីបញ្ហានេះគ្រប់ជ្រុងជ្រោយ។

អត្ថបទ៖សេង សាវី

